កាណាដា អនុញ្ញាតឱ្យកម្មវិធី TikTok បន្តដំណើរការធម្មតា តែត្រូវប្តូរលក្ខខណ្ឌច្បាប់ថ្មីៗមួយចំនួន

រដ្ឋាភិបាលកាណាដា បានប្រកាសកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថា ខ្លួននឹងអនុញ្ញាតឱ្យ TikTok បន្តដំណើរការនៅក្នុងប្រទេសកាណាដា និងអនុញ្ញាតឱ្យការវិនិយោគរបស់វេទិកាបច្ចេកវិទ្យាមួយនេះអាចបន្តទៅមុខទៀត បន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យលើសន្តិសុខជាតិរួចរាល់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកាណាដា លោកស្រី Melanie Joly បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសង្កត់ធ្ងន់ថា ការអនុម័តនេះគឺផ្អែកលើលក្ខខណ្ឌច្បាប់ថ្មីៗដែលផ្តល់ដោយក្រុមហ៊ុន TikTok Canada។

រដ្ឋាភិបាលកាណាដាបានលើកឡើងថា៖ «ការសម្រេចចិត្តនេះនឹងការពារការងារសម្រាប់ប្រជាជនកាណាដា ដោយធានាថា TikTok Canada រក្សាវត្តមានរូបវន្តរបស់ខ្លួននៅក្នុងប្រទេសកាណាដា រួមជាមួយការប្តេជ្ញាចិត្តក្នុងការវិនិយោគលើវិស័យវប្បធម៌ផងដែរ»។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្មកាណាដា បានចេញបញ្ជាឱ្យរំលាយអាជីវកម្មរបស់ TikTok ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ។ ក្រោយមក កាលខែមករា តុលាការសហព័ន្ធកាណាដាបានលុបចោលបញ្ជារបស់រដ្ឋាភិបាល ដោយអនុញ្ញាតឱ្យកម្មវិធីវីដេអូខ្លីនេះបន្តប្រតិបត្តិការ និងបានប្រាប់ឱ្យរដ្ឋាភិបាលទីក្រុងអូតាវ៉ាពិនិត្យមើលករណីនេះឡើងវិញ។

TikTok បានទទួលស្គាល់នូវរាល់ការសន្យាទាំងឡាយ ហើយបាននិយាយកាលពីថ្ងៃច័ន្ទនេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកាណាដា ដែលនឹងរក្សាប្រតិបត្តិការក្នុងស្រុកឱ្យនៅដដែល។ រដ្ឋាភិបាលកាណាដាបានឱ្យដឹងថា វេទិកានេះនឹងអនុវត្តការការពារដែលប្រសើរជាងមុនសម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនកាណាដា រួមមាន៖
1. ច្រកទ្វារសន្តិសុខថ្មី (Security Gateways) និងបច្ចេកវិទ្យាពង្រឹងឯកជនភាព ដើម្បីគ្រប់គ្រងការចូលប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់កាណាដា។
2. កាត់បន្ថយហានិភ័យ នៃការចូលប្រើប្រាស់ដែលគ្មានការអនុញ្ញាត ឬត្រូវបានហាមឃាត់។
3. ពង្រឹងការការពារសម្រាប់អនីតិជន។
4. ការតែងតាំងអ្នកត្រួតពិនិត្យឯករាជ្យ (Third-party monitor) ដើម្បីធ្វើសវនកម្ម និងផ្ទៀងផ្ទាត់ការគ្រប់គ្រងការចូលប្រើប្រាស់ទិន្នន័យជាបន្តបន្ទាប់។

នាយករដ្ឋមន្ត្រី Mark Carney បាននិងកំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីជួយប៉ះប៉ូវដល់ការខូចខាតសេដ្ឋកិច្ចកាណាដា ដែលបង្កឡើងដោយពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ កាណាដា និងប្រទេសដទៃទៀតបានពិនិត្យយ៉ាងដិតដល់លើ TikTok ដោយសារតែមានការព្រួយបារម្ភថា ប្រទេសចិនអាចប្រើប្រាស់កម្មវិធីនេះ ដើម្បីប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬជំរុញផលប្រយោជន៍របស់ខ្លួន (TikTok គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance)៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close