ជន​ជាតិវៀតណាម ៧៧៦នាក់ ត្រូវបណ្ដេញចេញ​ពីកម្ពុជា ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិ វៀតណាមសរុបចំនួន ៧៧៦នាក់ (ស្រី១៨៣នាក់) ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលទទួលពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងប្រតិបត្តិការបង្រ្កាបនៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២៦ ក្នុងនោះមានចំនួន ៤៥៧ នាក់ (ស្រី១២៦នាក់) ត្រូវបានបណ្ដេញចេញប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង និងចំនួន ៣១៩នាក់ (ស្រី៥៧នាក់) ត្រូវបានបណ្ដេញចេញប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close