ក្រុមហ៊ុនមួយរបស់អង់គ្លេស ប្តេជ្ញាប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោលលំដាប់អន្តរជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ព្រមទាំងសហការី នាទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
នេះគឺជាជំនួបពិភាក្សាការងារលើកទី២ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃគម្រោងព្រឹត្តិការណ៍វាយកូនគោលលំដាប់អន្តរជាតិនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិផ្នែកនារី Cambodian Women’s Open ដែលគ្រោងនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ ឆ្នាំ២០២៧ ដែលជាលើកដំបូង និងជាប្រវត្តិសាស្រ្តពុំធ្លាប់មាននៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលមានបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល និងត្រៀមរួចជាស្រេច ក្នុងការចូលរួមសម្របសម្រួលរៀបចំព្រឹត្តិការណ៍នេះ ដោយមានការសហការពីវិស័យឯកជន។
សូមបញ្ជាក់ជូនថា កម្ពុជា មានសម្បទា និង ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិ ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញការទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនអន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។