មនុស្សជិត ៨.០០០នាក់ ស្លាប់ និងបាត់ខ្លួន ដោយការធ្វើអន្តោប្រវេសន៍គ្រោះថ្នាក់ ក្នុងឆ្នាំ២០២៥
ជាសោកនាដកម្មដ៏គួរតក់ស្លុតមួយ ដោយមនុស្សដល់ទៅជិត ៨.០០០ នាក់ បានស្លាប់ ឬបាត់ខ្លួន ដោយសារតែការយកជីវិតមកភ្នាល់នៅលើផ្លូវអន្តោប្រវេសន៍ទូទាំងពិភពលោក កាលពីឆ្នាំ ២០២៥ នេះបើតាមរបាយការណ៍របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM ចេញផ្សាយនៅថ្ងៃ អង្គារ ។

ផ្អែកតាមរបាយការណ៍នេះ ជនរងគ្រោះភាគច្រើនបានស្លាប់ ឬបាត់ខ្លួន ដោយសារតែករណីលិចទូកទៅក្នុងសមុទ្រ ដែលពួកគេប្រើប្រាស់ជាមធ្យោបាយធ្វើចំណាកស្រុកដ៏គ្រោះថ្នាក់បំផុត ដើម្បីស្វែងរកពន្លឺជីវិតថ្មី ។
មនុស្ស ៤ នាក់ ក្នុងចំណោម ១០ នាក់ ដែលស្លាប់ និងបាត់ខ្លួន គឺព្រោះតែការធ្វើចំណាកស្រុកតាមផ្លូវសមុទ្រឆ្ពោះទៅកាន់អឺរ៉ុប ហើយករណីជាច្រើន ត្រូវបានគេហៅថា “ការលិចនាវាមិនត្រូវបានដឹង” ។
ជាការឆ្លើយតប លោកស្រី Maria Moita ដែលដឹកនាំនាយកដ្ឋានមនុស្សធម៌ និងឆ្លើយតបរបស់អង្គការអន្តរជាតិ បានប្រាប់សន្និសិទសារព័ត៌មានថា តួលេខទាំងនេះ បង្ហាញពីការបរាជ័យរួមគ្នារបស់យើង ដែលមិនអាចទប់ស្កាត់សោកនាដកម្មទាំងនេះ ។
បើតាម Al Jazeera, ទោះបីជាមនុស្សស្លាប់ ឬបាត់ខ្លួនចំនួន ៧.៩០៤នាក់ បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ៩.១៩៧ នាក់ក្នុងឆ្នាំ ២០២៤ ក៏ដោយ ក៏អង្គការ IOM ជឿជាក់ថា កម្រិតនោះគឺដោយសារមួយផ្នែកមានករណីសង្ស័យ ១.៥០០នាក់ មិនត្រូវបានផ្ទៀងផ្ទាត់ដោយសារតែការកាត់បន្ថយជំនួយ ។
យោងតាមរបាយការណ៍, ផ្លូវអាហ្វ្រិកខាងលិចឆ្ពោះទៅភាគខាងជើង មានអ្នកស្លាប់ចំនួន ១.២០០នាក់ ខណៈតំបន់អាស៊ី បានរាយការណ៍ពីចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយរួមមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់ ដែលរត់គេចពីអំពើហិង្សានៅមីយ៉ាន់ម៉ា ឬទុក្ខវេទនា នៅក្នុងជំរំជនភៀសខ្លួនដ៏ចង្អៀត នៅប្រទេសបង់ក្លាដែស ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។