កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃនៅវេទិកាអង្គការសហប្រជាជាតិ
ញូវយ៉ក — នៅក្នុងសេចក្តីថ្លែងការណ៍ដ៏មានទម្ងន់មួយនៅទីក្រុងញូវយ៉ក តំណាងប្រទេសកម្ពុជាបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានលុកលុយម្តងហើយម្តងទៀតពីសំណាក់ប្រទេសថៃ ដោយព្រមានថា ជម្លោះប្រដាប់អាវុធដែលកំពុងបន្តបានបង្កឱ្យមានទុក្ខវេទនាយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងធ្វើឱ្យរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។

ក្នុងបទអន្តរាគមន៍នាវេទិកា ECOSOC ស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយភាគីថៃតាំងពីឆ្នាំ២០២៥ មកនោះ បានបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតលើសពី ១០០នាក់ និងបង្ខំឱ្យប្រជាពលរដ្ឋជាង ៦៥ម៉ឺននាក់ត្រូវបោះបង់ចោលលំនៅដ្ឋានក្លាយជាជនភៀសសឹក។
ស្ថានភាពបច្ចុប្បន្នត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ស្រួចស្រាវ និងស្មុគស្មាញបំផុតសម្រាប់កម្ពុជា។ របាយការណ៍បានបង្ហាញថា ទោះបីជាមានអ្នកវិលត្រលប់ទៅមូលដ្ឋានវិញខ្លះក៏ដោយ ប៉ុន្តែពួកគេកំពុងប្រឈមមុខនឹងការខូចខាតផ្ទះសម្បែង និងកង្វះខាតសេវាមូលដ្ឋានចាំបាច់ ខណៈដែលគ្រឹះស្ថានសាធារណៈរួមមានសាលារៀនចំនួន ៤៨កន្លែង និងមណ្ឌលសុខភាពចំនួន ២២កន្លែង នៅក្នុងខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ នៅតែបន្តបិទរហូតមកដល់ពេលនេះ។
ក្រៅពីវិបត្តិមនុស្សធម៌ ឯកឧត្តម ជូ ហេង ក៏បានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែការបិទច្រកទ្វារព្រំដែន ការរំខានដល់វិស័យពាណិជ្ជកម្មឆ្លងដែន និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ។ កត្តាទាំងនេះបានធ្វើឱ្យដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមានភាពយឺតយ៉ាវជាងការរំពឹងទុក។ រាជរដ្ឋាភិបាលកម្ពុជាក៏ត្រូវបានបង្ខំចិត្តបង្វែរធនធានថវិកាជាតិដែលមានកម្រិត ចេញពីវិស័យអាទិភាពដូចជា សុខាភិបាល អប់រំ និងកិច្ចគាំពារសង្គម ទៅលើការឆ្លើយតបផ្នែកមនុស្សធម៌ ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងវិស័យការពារជាតិវិញ។
ថ្វីត្បិតតែរងសម្ពាធពីជម្លោះដែលមិនមែនជាកំហុសរបស់ខ្លួន និងការធ្លាក់ចុះនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) កាលពីឆ្នាំ២០២៤ ក៏ដោយ ក៏កម្ពុជានៅតែបន្តបង្ហាញការប្តេជ្ញាចិត្តខ្ពស់ចំពោះកិច្ចព្រមព្រៀងអន្តរជាតិ Sevilla Commitment ឆ្នាំ២០២៥ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
ពាក់ព័ន្ធនឹងដំណោះស្រាយវិវាទ កម្ពុជាបានបញ្ជាក់ជំហរស្វែងរកសន្តិភាពដោយសន្តិវិធីស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងនៅមានការប៉ះទង្គិចតិចតួចក្តី កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ដែលថា សន្តិភាព និងការអភិវឌ្ឍ គឺជាចំណុចដែលមិនអាចខ្វះមួយណាបានឡើយ។
ជាចុងក្រោយ តំណាងកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើនការយកចិត្តទុកដាក់ និងគាំទ្រដល់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានសម្បទាន ការបន្ធូរបន្ថយបំណុល និងការជំរុញការចរចាដើម្បីស្វែងរកសន្តិភាពយូរអង្វែង។ កម្ពុជាស្នើសុំឱ្យវេទិកាអង្គការសហប្រជាជាតិឈរនៅជាមួយខ្លួន ដើម្បីធានាថាការសន្យានៃការអភិវឌ្ឍសកលនឹងមិនត្រូវបានរាំងស្ទះដោយសារតែការបរាជ័យនៃសន្តិភាពនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។