ឈានជើងសារជាថ្មី៖ ជំហានពោរពេញដោយក្ដីសង្ឃឹមរបស់ «ឈូក»

ពីកូនដំរីដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅ កាលពីឆ្នាំ២០០៧ មកជាដំរីដ៏រឹងមាំ។ ជិត ២០ឆ្នាំកន្លងផុតទៅដំរី “ឈូក” មិនត្រឹមតែរស់រានមានជីវិតក្នុងទឹកដីនៃឧទ្យានសួនសត្វភ្នំតាម៉ៅប៉ុណ្ណោះទេ ប៉ុន្តែថ្ងៃនេះ ឈូកមានស្នាមញញឹម និងសេចក្តីសុខជាថ្មី ជាមួយជើងសិប្បនិម្មិតថ្មីស្រឡាង។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឈូក បានទទួលជើងសិប្បនិម្មិតថ្មីចំនួន ០១គ្រឿង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព​ សេចក្តីថ្លៃថ្នូរ​ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២ ០០០ ដុល្លារ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើង សម្រាប់ជួយសម្រួលដល់ការដើររបស់ឈូកឱ្យកាន់តែប្រសើរ។

ការមើលថែ ដំរី​ឈូក​ ឱ្យមានសុខភាពល្អ និងមានលទ្ធភាពដើរបានធម្មតាវិញ គឺជាកិច្ចខំប្រឹងប្រែងរួមគ្នារវាង អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃនៃក្រសួងកសិកម្ម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងអ្នកថែទាំដែលនៅជាប់ជាមួយឈូកទាំងយប់ទាំងថ្ងៃ។ សូមសាធារណជន ទាំងអស់បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅឧទ្យានជាតិភ្នំតាម៉ៅ ដើម្បីរួមចំណែកជំរុញនិរន្តរភាពធនធានសត្វព្រៃរបស់យើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close