មនុស្ស ៤៥លាននាក់ ត្រូវអត់ឃ្លាន ព្រោះការបិទច្រក Hormuz

មន្ត្រីអង្គការសហប្រជាជាតិ បានព្រមាន កាលពីថ្ងៃចន្ទថា មនុស្ស៤៥លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ព្រោះតែការបិទខ្ទប់ច្រកសមុទ្រហ័រមូស។

ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រ គ្របដណ្តប់ការដឹកជញ្ជូន ប្រេង និងឧស្ម័ន មួយភាគប្រាំ របស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ ស្ទើរតែទាំងស្រុង បន្ទាប់ពីសហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានបើកការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ ក្រៅពីទំនិញយុទ្ធសាស្ត្រថាមពល, មួយភាគបី នៃជីកសិម្ម របស់ពិភពលោក ជាធម្មតា ឆ្លងកាត់ច្រកមួយនេះផងដែរ ពេលមានសន្តិភាព ព្រមទាំង ថ្នាំពេទ្យ, សម្ភារៈបច្ចេកវិទ្យា និងទំនិញផ្សេងៗទៀត។

លោក Jorge Moreira da Silva នាយកប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង ហៅកាត់ UNOPS បានប្រាប់ AFP ក្នុងបទសម្ភាសន៍មួយ នៅទីក្រុងប៉ារីសថា «យើងមានពេល ពីរ បីសប្តាហ៍ មុនពួកយើងដើម្បីទប់ស្កាត់នូវអ្វី ដែលទំនងជាវិបត្តិមនុស្សធម៌ដ៏ធំ»។ លោកបន្តថា «យើងអាចនឹងឃើញវិបត្តិមួយ ដែលនឹងបង្ខំមនុស្ស៤៥លាននាក់បន្ថែមទៀត ឲ្យធ្លាក់ក្នុងភាពស្រេកឃ្លាន និង អត់អាហារ»។

បើតាម CNA, កាលពីខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្កើតក្រុមការងារ ដើម្បីដឹកនាំយន្តការមួយ ក្នុងគោលបំណងអនុញ្ញាតឱ្យជីកកសិកម្ម និង វត្ថុធាតុដើមពាក់ព័ន្ធ ដូចជា អាម៉ូញាក់ ស្ពាន់ធ័រ និងអ៊ុយរ៉ាយ ឆ្លងកាត់ច្រកសមុទ្រមួយនេះ។

អស់រយៈពេល ជាច្រើនសប្តាហ៍ មកនេះ, លោក Moreira da Silva បាននិងកំពុងធ្វើការ ដើម្បីបញ្ចុះបញ្ចូលភាគីគូជម្លោះ អនុញ្ញាតឱ្យសូម្បីតែនាវា ពីរ បីគ្រឿងឆ្លងកាត់ ហើយបានជួបជាមួយប្រទេសជាង ១០០ ដើម្បីប្រមូលផ្តុំការគាំទ្រ ពីរដ្ឋសមាជិក អង្គការសហប្រជាជាតិ ជុំវិញយន្តការនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close