Apple កំពុងតេស្តសាកល្បង iPhone19 Pro អេក្រង់កោងជុំវិញ

ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍ថា កំពុងធ្វើការតេស្តសាកល្បងយ៉ាងសម្ងាត់លើម៉ូដែល iPhone 19 Pro សម្រាប់ជំនាន់ឆ្នាំ ២០២៧ ដោយត្រៀមនឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់កោងព័ទ្ធជុំវិញគែមទាំងបួន (Quad-Curved Display)។ តាមប្រភពលេចធ្លាយព័ត៌មានដ៏ល្បីល្បាញមកពីប្រទេសចិន គណនី Weibo ឈ្មោះ Digital Chat Station បានឱ្យដឹងថា ម៉ូដែលសាកល្បងនេះនឹងមានការចោះរន្ធតូចមួយសម្រាប់កាមេរ៉ាមុខ ប៉ុន្តែចំណែកឯប្រព័ន្ធស្កែនមុខ (Face ID) វិញ គឺត្រូវបានលាក់ចូលទៅក្រោមផ្ទៃអេក្រង់ទាំងស្រុងតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។


ព័ត៌មាននេះបានបង្កើតជាចម្ងល់កាន់តែខ្លាំង ស្របពេលដែល Apple ក៏ត្រូវបានគេដឹងថាមានគម្រោងបញ្ចេញ iPhone ជំនាន់ពិសេសខួប ២០ឆ្នាំ (20th-anniversary iPhone) នៅឆ្នាំក្រោយនេះ ជាមួយអេក្រង់លាតពេញគ្មានចន្លោះចោះរន្ធទាល់តែសោះ។ គេនៅមិនទាន់ច្បាស់ទេថាតើ Apple នឹងបំបែកម៉ូដែលពិសេសនេះទៅជាលំដាប់កំពូលថ្មី «Ultra-premium» ដែលមានតម្លៃខ្ពស់ដាច់ពីស្រឡាយ Pro និង Pro Max ឬយ៉ាងណា ប៉ុន្តែការប្រើប្រាស់អេក្រង់កោងដូចគ្នានៅលើ iPhone 19 Pro អាចនឹងធ្វើឱ្យម៉ូដែលទាំងនេះពិបាកនឹងបង្កើតចំណុចខុសប្លែកគ្នាពីគ្នាទៅវិញទៅមក។

ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គធំធេងបំផុតសម្រាប់ Apple នាពេលនេះ គឺបញ្ហាបច្ចេកវិទ្យា។ ប្រភពខាងលើបានបង្ហើបថា Apple កំពុងជួបប្រទះការលំបាកយ៉ាងខ្លាំងក្នុងការញាត់បញ្ចូលទាំងប្រព័ន្ធ Face ID និងកាមេរ៉ាមុខទៅក្រោមអេក្រង់ ដោយក្នុងនោះ «កាមេរ៉ាសែលហ្វី (Selfie camera) ឬកាមេរ៉ាមុខ គឺជាផ្នែកដែលពិបាកលាក់បំផុត»។ ប្រសិនបើបច្ចេកវិទ្យាបច្ចុប្បន្ននៅតែមិនអាចលាក់កាមេរ៉ាក្រោមអេក្រង់ ដោយមិនធ្វើឱ្យធ្លាក់ចុះគុណភាពរូបភាពបានទេនោះ Apple ប្រហែលជាមិនបន្តទៅមុខជាមួយគម្រោងនេះឡើយ។

គួរជម្រាបផងដែរថា គណនីទម្លាយព័ត៌មាន Digital Chat Station នេះមានអ្នកតាមដានជាង ៣លាននាក់ និងមានប្រវត្តិទម្លាយព័ត៌មានបានត្រឹមត្រូវខ្ពស់បំផុត ដូចជាការទស្សន៍ទាយរូបរាងទូទៅរបស់ iPhone Air, iPhone 17 Pro និងប្រព័ន្ធកាមេរ៉ា 48-megapixel ទាំងបីគ្រាប់ជាដើម។ ថ្មីៗនេះ ប្រភពដដែលក៏បានអះអាងទៀតថា ទូរស័ព្ទអេក្រង់បត់ដំបូងបង្អស់របស់ Apple ដែលរំពឹងថានឹងបង្ហាញខ្លួនជាមួយម៉ូដែល iPhone 18 Pro នឹងត្រូវប្តូរឈ្មោះហៅជាផ្លូវការថា «iPhone Ultra» វិញ៕

ប្រភព៖ Fresh News

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close