អាហារគ្មានសុវត្ថិភាព ផ្តាច់ជីវិតមនុស្សជិត ១,៥លាននាក់ ក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក

នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក WHO បានព្រមានថា អាហារដែលមានផ្ទុកបាក់តេរី វីរុស ប៉ារ៉ាសិត និងសារធាតុគីមីគ្រោះថ្នាក់ សម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោក ក្នុងមួយឆ្នាំៗ ហើយកុមារតូចៗ គឺជាអ្នករងហានិភ័យខ្ពស់ជាងគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រោយវិភាគទៅលើប្រទេសចំនួន១៩៤ កាលពីចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០២១ WHO បានរកឃើញថា មនុស្សសរុប៨៨៦លាននាក់បានកើតជំងឺ ដែលពាក់ព័ន្ធជាមួយការបរិភោគអាហារគ្មានសុវត្ថិភាពក្នុងមួយឆ្នាំ ហើយក្មេងៗអាយុក្រោម៥ឆ្នាំ រងហានិភ័យខ្ពស់ជាងគេជិត៣ដង។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានលើកឡើងថា សុវត្ថិភាពស្បៀងអាហារ គឺជាបញ្ហាដ៏ជាក់ស្តែងមួយ ដោយវាប៉ះពាល់គ្រប់ម្ហូបអាហារ គ្រប់ក្រុមគ្រួសារ និងជារៀងរាល់ថ្ងៃ។

បើទោះបីអត្រាជំងឺកើតចេញពីការបរិភោគអាហារគ្រោះថ្នាក់ បានថយចុះជារួមចាប់តាំងពីឆ្នាំ២០០០ក៏ដោយ វិសមភាពតាមតំបន់ក្នុងគម្លាតធំ នៅតែបន្តមាន។ ត្រឹមតែអាហ្រ្វិកនិងអាស៉ីអាគ្នេយ៍ គឺរ៉ាប់រងជិត៣ភាគ៤ នៃករណីជំងឺពាក់ព័ន្ធអាហារទាំងអស់ និង៦០ភាគរយនៃករណីស្លាប់ ទូទាំងពិភពលោក។

គួរបញ្ជាក់ថា នៅត្រឹម៨៦០លានករណីក្នុងឆ្នាំ២០២១ ប្រភពគ្រោះថ្នាក់ជីវសាស្រ្ត ដូចជាបាក់តេរីនិងវីរុស គឺជាភ្នាក់ងារចម្បងលើសលប់ ដែលបានបង្កឱ្យ​មានជំងឺកើតចេញពីការបរិភោគអាហារ។ ប៉ុន្តែការបរិភោគអាហារដែលផ្ទុកសារធាតុគីមី គឺទទួលបន្ទុកធំលើសគេនៃករណីស្លាប់ ដោយមានសារធាតុអាសេនិកនិងសំណរ គឺជាភ្នាក់ងារបំពុលចម្បង៕

ប្រភព៖ Fresh News

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close