NASA បញ្ចប់ការហោះហើរសាកល្បងយន្តហោះX-59 លើកដំបូង ក្នុងល្បឿនលឿនជាងសំឡេង 1.1ដង

យន្តហោះពិសោធន៍ X-59 របស់អង្គការ NASA បានបញ្ចប់ដោយជោគជ័យ ក្នុងការហោះហើរសាកល្បងជាមួយនឹងល្បឿនលឿនជាងសំឡេង ១.១ ដង ជាលើកដំបូងជាផ្លូវការ កាលពីថ្ងៃទី៥ ខែមិថុនា ដើម្បីបើកផ្លូវសម្រាប់ការហោះហើរពាណិជ្ជកម្មល្បឿនលឿននាពេលអនាគត ។

ការហោះហើរសាកល្បងជាប្រវត្តិសាស្ត្រនេះ គឺជាផ្នែកមួយនៃបេសកកម្ម Quesst របស់ NASA ក្នុងគោលបំណងកាត់បន្ថយសំឡេងផ្ទុះដ៏ខ្លាំង ឱ្យមកត្រឹមសំឡេងប៉ះទង្គិចស្រាលៗ ឬស្ងាត់ឈឹងតែម្តង នៅពេលយន្តហោះបំបែករបាំងសំឡេង ។

ការធ្វើតេស្តហោះហើរលឿនជាងសំឡេងនេះ ធ្វើឡើងនៅមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោមការបញ្ជាពីពីឡុត Jim Clue Less ដែលជាអ្នកបើកយន្តហោះរបស់ NASA ។

ក្រោយបញ្ចប់ការហោះហើរ យន្តហោះ X-59 សម្រេចបានល្បឿនលឿនជាងសំលេង ១.១ ដង ដែលប្រហែល ១,១៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង ។ កម្ពស់ហោះហើរប្រហែល ១៣ គីឡូម៉ែត្រ និងចំណាយពេលសំកាំងខ្លួនលើអាកាសសរុប ៨១នាទី ។

សម្រាប់គោលដៅនាពេលអនាគត ក្រុមការងារអភិវឌ្ឍគ្រោងនឹងពង្រីកល្បឿនហោះហើរឱ្យកើនឡើងជាលំដាប់រហូតដល់ល្បឿនគោលដៅ គឺលឿនជាងសំឡេង ១.៤ ដង ដែលប្រហែល ១,៤៨៩ គីឡូម៉ែត្រក្នុងមួយម៉ោង នៅកម្ពស់ជាង ១៦ គីឡូម៉ែត្រ ។

បន្ទាប់ពីការផ្ទៀងផ្ទាត់កម្រិតសំឡេងរួចរាល់ NASAមានគម្រោងបើកបរយន្តហោះនេះ ឆ្លងកាត់ពីលើទីក្រុងមួយចំនួនក្នុងសហរដ្ឋអាមេរិក ដើម្បីប្រមូលទិន្នន័យពីប្រជាជននៅលើដី ថាតើពួកគេឮសំឡេងរំខានកម្រិតណា ដើម្បីដាក់ជូនទៅនិយតករអាកាសចរណ៍អន្តរជាតិ ក្នុងការកែប្រែច្បាប់ហោះហើរនាពេលអនាគត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close