ស្រះបុរាណក្នុងរាជវាំងអង្គរធំ ដែលអ្នកជំនាញនៃអាជ្ញាធរអប្សរា កំពុងស្តារ និងជួសជុលឡើងវិញ

លទ្ធផលបឋមនៃកំណាយស្រាវជ្រាវបុរាណវិទ្យាស្រះបុរាណ នៅខាងជើងក្រៅកំពែងព្រះបរមរាជវាំង ក្រុងអង្គរធំ
ក្នុងគោលបំណងលើកតម្លៃអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា សហការជាមួយនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអនុវត្តការងារកំណាយបុរាណ​វិទ្យាចាប់តាំងពីខែកុម្ភៈមក។

គម្រោងនេះផ្តោតសំខាន់ទៅលើការសិក្សាប្រព័ន្ធរំដោះទឹកបុរាណពីបរិវេណប្រាសាទភិមានអាកាស និងស្រះបុរាណមួយ ដែលមានចុះក្នុងប្រព័ន្ធបញ្ជីបុរាណដ្ឋានរបស់ឯកសារចាស់របស់បារាំងលេខ១១ ដែលមានទីតាំងស្ថិតនៅខាងជើងកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ។ គោលបំណងចម្បង​នៃការស្រាវជ្រាវនេះ គឺដើម្បី​កត់ត្រាប្រវត្តិប្លង់ស្ថាបត្យកម្ម និងប្រព័ន្ធវិស្វកម្មធារាសាស្ត្របុរាណ​វិភាគស្រទាប់ដីបុរាណវិទ្យា ​ស្វែងយល់ពីស្ថានភាពសំណង់ច្រាំងកាំជណ្តើរស្រះ និងប្រព័ន្ធរំដោះទឹក ព្រមទាំងការចាក់បង្គរនៃល្បាប់ដីថ្មី។ ជាពិសេស​ប្រមូលទិន្នន័យបុរាណវិទ្យាសម្រាប់​ជាមូលដ្ឋានគ្រឹះ​ក្នុងការស្តារ និងលើកតម្លៃប្រព័ន្ធគ្រប់គ្រងទឹកនេះឱ្យអាចដំណើរការឡើងវិញដូចសម័យបុរាណ។



ចំពោះលទ្ធផលនៃកំណាយបុរាណវិទ្យាលោក សួម សុភា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលនៃការធ្វើកំណាយនៅទីតាំងស្រះលេខ១១ បានបង្ហាញនូវទិន្នន័យសំខាន់ៗដូចខាងក្រោម៖ ​រូបសណ្ឋាន និងទំហំ៖ ស្រះនេះមានរចនាសម្ព័ន្ធសាងសង់ឡើងអំពីថ្មបាយក្រៀម មានរាងចតុកោណកែង ដែលមានបណ្តោយ ៦៥ ម៉ែត្រ និងទទឹង ៣០ ម៉ែត្រ ព្រមទាំងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។ ចំពោះ​ស្ថានភាពដីល្បាប់ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកំណកដីចាក់បង្គរ (ល្បាប់ដី) ពីផ្ទៃខាងលើរហូតដល់បាតស្រះបុរាណ មានជម្រៅប្រមាណ ៣,៥ ម៉ែត្រ។

ទន្ទឹមនឹងនេះ ក្រុមការងារក៏សិក្សាកាលប្បវត្តិ និងសិល្បៈស្ថាបត្យកម្ម ដោយ​ផ្អែកលើការវិភាគ​ទៅលើសម្ភារបង្គុំសំណង់ ភស្តុតាងស្រទាប់ដី និងរចនាបថសិល្បៈ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា រចនាសម្ព័ន្ធនៃស្រះលេខ១១ នេះ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ភស្តុតាងដ៏លេចធ្លោបំផុត គឺការរកឃើញសិល្បៈចម្លាក់ដ៏ល្អឯក ដែលឆ្លាក់បង្ហាញពី​ទិដ្ឋភាព និងសកម្មភាពនៃការអុំទូកលំហែកាយ (លក្ខណៈសែនមនោរម្យ)។ ប្រព័ន្ធជីវចម្រុះ និងបរិស្ថានធម្មជាតិបុរាណ រួមមានសកម្មភាពសត្វបក្សាបក្សី សត្វល្មូន និងមច្ឆជាតិជាច្រើនប្រភេទដែលរស់នៅក្នុងប្រព័ន្ធទឹកនោះ។

រីឯទិសដៅការងារបន្ត ដែល​ក្នុងគោលបំណងថែរក្សា និងគាំពារបេតិកភណ្ឌវប្បធម៌​អរូបីនិងរូបី​ដែលមានតម្លៃប្រវត្តិសាស្ត្រ​មិនអាចកាត់ថ្លៃបាន ក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំផែនការបន្ថែមរួមមាន៖ ​បន្តការស្រាវជ្រាវនិងធ្វើកំណាយបុរាណវិទ្យា​បន្ថែម​ដើម្បីប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំគម្រោងជួសជុល និងពង្រឹងរចនាសម្ព័ន្ធសំណង់ឡើងវិញ ដើម្បីស្តារមុខងារស្រះដ៏ពិសិដ្ឋនេះឱ្យមានទឹក និងដំណើរការឡើងវិញ ព្រមទាំងលើកសម្រស់ទិដ្ឋភាពរូបវន្តនៃស្រះនេះឱ្យបានច្បាស់លាស់ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវ និងវិស័យទេសចរណ៍នាពេលអនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close