ហ្វីលីពីន៖ គ្រោះរញ្ជួយដីកម្រិតធ្ងង់ រកឃើញអ្នកស្លាប់កើនដល់ ៤១នាក់ និងរបួសជាង ៤៥០នាក់
ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រញ្ជួយដីធំមួយ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន បានកើនដល់៤១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន បាននិយាយថា មនុស្សរាប់ពាន់នាក់ នៅបន្តមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន និងជាង៤៥០នាក់បានរងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ បានវាយប្រហារក្បែរកោះ Mindanao ភាគខាងត្បូងប្រទេសកាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែនាពេលនេះ មានមនុស្សត្រឹម៤នាក់ប៉ុណ្ណោះ ដែលត្រូវបានជឿថាកំពុងបន្តបាត់ខ្លួន។ ក្រៅពីមនុស្សស្លាប់និងរបួស អគារជាច្រើនបានដួលរលំ និងរងការបំផ្លិចបំផ្លាញ។
បាតុភូតរញ្ជួយដីខាងលើ បាននាំឱ្យមានការចេញបញ្ជាជម្លៀសមនុស្សរាប់ពាន់នាក់ពីតំបន់ឆ្នេរនៅតាមភាគខាងត្បូងប្រទេសហ្វីលីពីន ព្រមទាំងនៅប្រទេសជិតខាងគឺឥណ្ឌូណេស៉ី ស្របពេលការព្រមានពីរលកស៊ូណាមិត្រូវបានធ្វើឡើង ដោយប្រទេសជាច្រើនក្នុងតំបន់។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ការគំរាមកំហែងក៏បានកន្លងផុត ហើយការប្រកាសអាសន្ន ត្រូវបានលុបចោលវិញ។
គួរបញ្ជាក់ថា ភាគខាងកើតកោះ Mindanao កាលពីខែតុលា ឆ្នាំ២០២៥ ធ្លាប់បានរងគ្រោះរញ្ជួយដី២ផ្ទួនគ្នា គឺកម្រិត៧,៤រ៉ិចទ័រ និង៦,៧រ៉ិចទ័រ ដែលបានសម្លាប់មនុស្សយ៉ាងហោច៨នាក់។ ហេតុការណ៍នោះទៀតសោត គឺកើតឡើងក្រោយរញ្ជួយដីមួយផ្សេងទៀត កម្រិត៦,៩រ៉ិចទ័រ នៅប៉ុន្មានថ្ងៃមុននោះ ដែលបានផ្តាច់ជីវិតមនុស្ស៧៦នាក់ ហើយបង្កការខូចខាត ឬបំផ្លាញលំនៅដ្ឋានសរុបប្រមាណ ៧២ ០០០ខ្នងនៅខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។