មេធាវីអគ្គនាយក DRSB ចេញលិខិតបដិសេធចំពោះការចោទប្រកាន់លើបណ្តាញសង្គម និងថាជាវិវាទបុគ្គល

មេធាវីតំណាងស្របច្បាប់របស់លោក គឹម សម្បត្តិ អគ្គនាយកក្រុមហ៊ុន DRSB Express Co., Ltd បានចេញលិខិតបំភ្លឺ និងជូនដំណឹងដល់សាធារណជន ដើម្បីឆ្លើយតបទៅនឹងការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកមួយកាលពីពេលថ្មីៗនេះ ដែលបានធ្វើការចោទប្រកាន់មកលើរូបលោក និងបង្កការប៉ះពាល់ដល់ក្រុមហ៊ុន។

យោងតាមលិខិតបំភ្លឺរបស់លោកមេធាវី ទី គឹមស្រ៊ាន សមាជិកមេធាវីនៃការិយាល័យមេធាវីប៉ាណាអាស៊ាន ដែលជាមេធាវីតំណាងដោយអាណត្តិឱ្យលោក គឹម សម្បត្តិ បានផ្ញើជូនទៅកាន់មេធាវីនាង គឹមហុង និងម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះព័ត៌មានដកស្រង់តែមួយជ្រុង ដោយមិនបានសាកសួរព័ត៌មានពីភាគីម្ខាងទៀតឱ្យបានគ្រប់ជ្រុងជ្រោយ។

លោកមេធាវី ទី គឹមស្រ៊ាន បានគូសបញ្ជាក់ថា ផ្អែកលើលិខិតជូនដំណឹងជាថ្មីចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦ របស់ភាគីម្ខាងទៀត គឺមិនមានចេតនានាំឱ្យមានការបញ្ចប់វិវាទជាលក្ខណៈសន្តិវិធីឡើយ។ ហេតុផលគឺដោយសារតែមុនពេលធ្វើការជូនដំណឹងមកកូនក្តីរបស់លោកលើកទី១ (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៦) និងលើកទី២ (ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦) ដែលការជូនដំណឹងទាំងពីរលើកនេះ កូនក្តីរបស់លោកមិនបានឃើញ ឬទទួលដឹងឮឡើយនោះ ភាគីដើមបណ្តឹងបានដាក់ពាក្យប្តឹងកូនក្តីរបស់លោកចូលទៅតុលាការរួចរាល់បាត់ទៅហើយ តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦ មកម៉្លេះ ដើម្បីសុំឱ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់។

លិខិតដដែលបានបន្តថា ក្រោយមកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ និងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦ លោកមេធាវីភាគីម្ខាងទៀត បែរជាបានជូនដំណឹងមកកូនក្តីលោក តាមរយៈការផ្សព្វផ្សាយជាសាធារណៈទៅវិញ។ ចំពោះសំណុំរឿងដែលបានប្តឹងចូលទៅតុលាការរួចហើយនោះ គឺបច្ចុប្បន្នកំពុងស្ថិតក្នុងសមត្ថកិច្ច និងចំណាត់ការតាមនីតិវិធីច្បាប់របស់តុលាការនៅឡើយ។

លោកមេធាវី ទី គឹមស្រ៊ាន បានលើកឡើងក្នុងលិខិតនោះថា៖

«រវាងកូនក្តីខ្ញុំ និងកូនក្តីលោក គឺជាការរកស៊ីដោយផ្ទាល់ខ្លួន មានទំនុកចិត្តលើគ្នាទៅវិញទៅមក ជាហេតុនាំឱ្យកូនក្តីខ្ញុំខ្វះការប្រុងប្រយ័ត្ន ក្នុងការរក្សាទុកនូវឯកសារទូទាត់ប្រាក់ និងមិនបានដកយកនូវឯកសារដែលបានទូទាត់ប្រាក់រួច តាមបញ្ជីជាសាច់ប្រាក់សុទ្ធ និងគណនីធនាគារ»។

លោកមេធាវីបានបន្ថែមថា ក្នុងនាមជាមេធាវី មានតួនាទីសំខាន់ក្នុងការស្វែងរកភស្តុតាង ដើម្បីការពារផលប្រយោជន៍របស់កូនក្តីរៀងៗខ្លួន ដើម្បីឱ្យតុលាការមានមូលដ្ឋានតាមផ្លូវច្បាប់ក្នុងការសម្រេចសេចក្តីប្រកបដោយយុត្តិធម៌។

ជាចុងក្រោយ លោកមេធាវី ទី គឹមស្រ៊ាន បានបញ្ជាក់ថា សំណុំរឿងក្តីខាងលើនេះ គឺជារឿងបុគ្គលសុទ្ធសាធ និងមិនមានការពាក់ព័ន្ធណាមួយជាមួយក្រុមហ៊ុន DRSB Express Co., Ltd ឡើយ។ អាស្រ័យហេតុនេះ សូមលោកមេធាវីភាគីម្ខាងទៀត និងម្ចាស់ទំព័រហ្វេសប៊ុកដែលបានបង្ហោះព័ត៌មាន មេត្តាពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយអ្វីមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close