តម្លៃប្រេងសកល ធ្លាក់ចុះជាង ៤ភាគរយ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៉ីរ៉ង់

តម្លៃប្រេង នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះជាង ៤ភាគរយ ដែលជាកម្រិតទាបមួយគិតចាប់តាំងពីខែមីនា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និងបេីកចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent បានធ្លាក់ថ្លៃ ៣,៥៨ដុល្លារ ឬ ៤.១០ភាគរយ មកត្រឹម ៨៣,៧៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមព្រឹកនេះ។ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៨០,៨៧ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ៤ដុល្លារ ឬ ៤.៧២ភាគរយ។

សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ក្នុងប្រទេសស្វីស នៅថ្ងៃសុក្រខាងមុខ។ នេះបេីតាមនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលប្រទេសរបស់លោកជាអ្នកសម្រុះសម្រួល ។ លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ច្រកសមុទ្រ Hormuz នឹងត្រូវបើកចំហដោយមិនគិតថ្លៃ ហើយការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិកនៃកំពង់ផែអ៉ីរ៉ង់ក៏នឹងបញ្ចប់ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៉ីរ៉ង់ បាននិយាយថា ក្របខណ្ឌនៃកិច្ចព្រមព្រៀងអំពាវនាវឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងរយៈពេល ៣០ថ្ងៃក្រោមការរៀបចំរបស់អ៉ីរ៉ង់។ អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ការព្រមព្រៀងបន្ថែមទៀតនឹងត្រូវចរចាគ្នាអំឡុងពេលបទឈប់បាញ់រយៈពេល ៦០ថ្ងៃ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close