អ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ត្រូវជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាព

ក្រសួងបរិស្ថានបានឱ្យដឹងថា រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរណ៍ ចំនួន ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាលឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ។

ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុ នៅថ្ងៃនេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញប្រកាសមួយ ដោយធ្វើការសំណូមពរដល់ភ្ញៀវទេសចរ បងប្អូនប្រជាពលរដ្ឋ និងសមាគមន៍ទេសចរណ៍ទាំងអស់ ដែលមានបំណងអញ្ជើញទៅកម្សាន្តនៅតំបន់ទេសចរណ៍ខ្នងផ្សារ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកភ្លៀងដែលកំពុងធ្លាក់ខ្លាំង។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដោយក្រសួងប្រាប់ឲ្យអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។