កម្ពុជា-ថៃ ជួបពិភាក្សាបន្ទាន់ រឿងទប់ស្កាត់ការបាញ់បោះ និងព័ត៌មានក្លែងក្លាយអុជអាលតាមព្រំដែន

ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានបើកកិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការមួយ នៅច្រកទ្វារអន្តរជាតិជាំ-សាង៊ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) ភាគីកម្ពុជា និង ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ភាគីថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងកិច្ចពិភាក្សានោះ ភាគីកម្ពុជាបានលើកឡើងនូវជំហរម៉ឺងម៉ាត់ ដោយទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងឡាយណាដែលរំលោភបំពាន រួមមាន៖
– ការឈូសឆាយធ្វើផ្លូវ និងការពង្រីកភូមិសាស្ត្រនានា។
– សកម្មភាពរាយបន្លាលួសនៅក្នុងតំបន់ស្ថិតក្រោមដែនអធិបតេយ្យរបស់កម្ពុជា និងតំបន់ព្រំដែនដែលមិនទាន់ដាច់ស្រេច។
ជាមួយគ្នានេះ កម្ពុជាបានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការជំរុញឱ្យគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ចាប់ផ្តើមការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងហេតុការណ៍បាញ់បោះ និងការបង្កឱ្យមានការផ្ទុះអាវុធនាពេលកន្លងមក ភាគីកម្ពុជាបានស្នើឱ្យមានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីជៀសវាងការយល់ច្រឡំ។ ទន្ទឹមនឹងនោះ ត្រូវដាក់ចេញវិធានការក្តៅដើម្បីទប់ស្កាត់កុំឱ្យកើតមានសកម្មភាពបែបនេះបន្តទៀត សំដៅបង្ការការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។

ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការលើការងារសំខាន់ៗមួយចំនួនជាមួយកងកម្លាំងជួរមុខ រួមមាន៖
1. ពង្រឹងការអប់រំ និងរឹតបណ្តឹងវិន័យ ដល់បណ្តាកងកម្លាំងជួរមុខរបស់ថៃ។
2. ទប់ស្កាត់រាល់សកម្មភាពបង្កហេតុ ដូចជាការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។
ចំណុចសំខាន់មួយទៀតនៃកិច្ចប្រជុំនេះ គឺភាគីកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ (Fake News) ដែលបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាល ញុះញង់ឱ្យមានការស្អប់ខ្ពើម និងចងគំនុំគ្នារវាងប្រជាជាតិទាំងពីរ។ ការធ្វើបែបនេះ គឺដើម្បីលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតបរិយាកាសល្អសម្រាប់ការដោះស្រាយបញ្ហាដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។