ករណី​សាឡាង​កៀគ្នា​ជាមួយ​សាឡង់​ដឹក​ខ្សាច់​នៅ​ស្វាយ​ជ្រំ ​តំណាង​កំពង់ចម្លង​ថា​ ​សាឡាង​ខ្លួន​កៀប​ស្លាប​ចង្កូត​មិន​អាច​បត់​បាន​

​ករណី​សាឡាង​កំពង់ចម្លង​ជ្រោយ​ចង្វារ​ស្វាយ​ជ្រំ ​កៀរ​ជាមួយ​សាឡង់​ដឹក​ខ្សាច់​កាលពី​វេលា​ម៉ោង​ប្រមាណ​ ​១​ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៦​ ​ខែកក្កដា ​ដែល​ធ្វើឱ្យ​មាន​ការ​រិះគន់​ចំពោះ​ការ​មិន​គូរ​ពី​ជីវិត​អ្នកដំណើរ ​ពេលនេះ​ ​តំណាង​កំពង់ចម្លង​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្តាលឱ្យ​កើតមាន​ករណី​នេះ​។​

​ក្នុង​សេចក្តី​បំភ្លឺ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃ​នេះ​ ​តំណាង​កំពង់ចម្លង​ជ្រោយ​ចង្វារ​-​ស្វាយ​ជ្រំ ​បាន​រៀបរាប់​ថា​ ​មុនពេល​កើត​ហេតុ ​ដោយ​ទឹក​ហូរ​ខ្លាំង​នា​រដូវ​វស្សា ​មាន​គល់​ឈើ​អណ្តែត​ហូរ​ចូល​កៀប​ស្លាប​ចង្កូត​ ​ធ្វើឱ្យ​ចង្កូត​គាំង ​ខាង​កាណូត​ចម្លង​បាន​ព្យាយាម​ រ​យែ​ថយ​ តែ​ដោយ​សាឡង់​ដឹក​ខ្សាច់​ ​និង​សាឡាង​ដឹក​អ្នកដំណើរ​កៀក​គ្នា​ ​ក៏​បាន​កៀគ្នា​នឹង​កន្ទុយ​ក្រោយ​សាឡង់​បូម​ខ្សាច់​ ​បណ្តាលឱ្យ​ភ្ញៀវ​ដែល​នៅលើ​សាឡាង​មាន​ការ​ភិតភ័យ​យ៉ាង​ខ្លាំង​។ ​ភ្លាម​ៗ​ ​ក្រុមការងារ​បាន​ពិនិត្យ​ទៅ​លើ​សុវត្ថិភាព​ភ្ញៀវ ​ជា​សំណាង​ល្អ​ ភ្ញៀវ​ទាំងអស់​ពុំ​មាន​ប៉ះពាល់​ ​គ្រោះថ្នាក់​ ​ឬ​របួស​ស្នាម​នោះ​ឡើយ​។​

​តំណាង​កំពង់ចម្លង​បញ្ជាក់​ថា​ ​ក្រោយ​កើត​ហេតុ​ ​កំពង់​ចម្លង​ក៏​បាន​ប្រជុំ​ភ្លាម​ៗ ​ដើម្បី​ពិនិត្យ​កែលម្អ​បច្ចេកទេស​ ​បង្កើន​ការ​ប្រុងប្រយ័ត្ន ​ដើម្បី​កុំ​ឱ្យ​ហេតុការណ៍​បែប​នេះ​កើតមាន​ឡើងវិញ​ឡើយ​ ​ព្រមទាំង​បាន​ធ្វើ​ការ​ដោះស្រាយ​គ្នា​ ​ជាមួយ​ភាគី​សាឡង់​បូម​ខ្សាច់​ប្រកបដោយ​ការ​យោគយល់​ ​និង​ទទួលខុសត្រូវ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close