លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​៖​ ​កងទ័ព​គឺជា​កម្លាំង​ស្នូល​ចំពោះ​ជាតិ​មាតុភូមិ​ទាំងមូល​ត្រូវការ​ពារ​ដាច់ខាត​សន្តិភាព​ ​និង​ស្ថិរភាព​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​

​ថ្លែង​ចេញពី​តំបន់​ភ្នំ​ធំ​ម្រះព្រៅ​ ​ទី​ដែល​កងទ័ព​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ ​លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយរង​សេនាធិការ​ចម្រុះ​ ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ ​បាន​ប្រកាស​ថា​ ​កងទ័ព​ត្រូវ​ត្រៀម​ហ្វឹកហ្វឺន​ ​ត្រៀម​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ​និង​ការពារ​បូរណភាពទឹកដី​ជានិច្ច​។​

​លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សង្កត់ធ្ងន់​ថា​ ​សង្គ្រាម​ផ្ទុះឡើង​ដោយសារ​កងទ័ព​ ​បញ្ចប់​ក៏ដោយ​សារ​កងទ័ព​ ​ហើយ​បើសិន​កងទ័ព​មិន​ច្បាស់លាស់​ ​គឺ​កងកម្លាំង​ប្រដាប់​អាវុធ​នឹង​ដូច​ប្រទេស​ស៊ីរី​ ​លីប៊ី​ ​និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ ​ដូច្នេះ​កងទ័ព​ដែល​ច្បាស់លាស់​ ​និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​នេះ​ហើយ​ ​ទើប​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ ​ដល់​សព្វថ្ងៃ​។​ ​លោក​បាន​ថ្លែង​ដូចនេះ​ ​នៅ​ថ្ងៃទី១៥​ ​ខែមករា​ ​ឆ្នាំ២០១៨នេះ​ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អ​ធីប​តី​ ​បិទ​វគ្គ​ហ្វឺ​ក​ហ្វឺ​ន​ ​លំហាត់​បាញ់​ ​គ្រាប់​ពិត​ចល័ត​ ​វាយ​សង្គ្រុប​ ​ថ្នាក់​កងអនុសេនាធំ​ថ្មើរជើង​យានយន្ត​ ​របស់​សិក្ខាកាម​កងពលតូច​លេខ៧០​ ​ដែល​ពិធី​នេះ​ក៏​មានការ​ចូលរួម​ពី​សិក្ខាកាម​មក​ពី​យោធភូមិភាគ​ទី២​,​ ​យោធភូមិភាគ​ទី៣​,​ ​យោធភូមិភាគ​ពិសេស​ ​និង​កងពលធំ​អន្តរាគមន៍​លេខ៣​ ​នៅ​ទីលាន​ ​សាលា​ហ្វឹកហ្វឺន​របស់​កងពល​នៅ​តំបន់​ភ្នំ​ធំ​ម្រះព្រៅ​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​។​

​លោក​ឧត្តមសេនីយ៍​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​គូសបញ្ជាក់​ថា​ ​កងទ័ព​គឺជា​កម្លាំង​ស្នូល​ ​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ ​ចំពោះ​ជាតិ​មាតុភូមិ​ទាំងមូល​ ​ការពារ​ដាច់ខាត​សន្តិភាព​ ​និង​ស្ថិរភាព​ ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ ​ហើយដោយ​សារ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​បំពេញភារកិច្ច​ ​ធ្វើ​ឱ្យ​ប្រជាជន​មាន​ភាព​កក់ក្តៅ​វត្តមាន​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ ​មិនមែន​ជា​ការ​បន្លាច​ ​តែ​ជា​ការ​ធ្វើ​ឱ្យ​មាន​ភាព​កក់ក្តៅ​។​ ​ក្នុងឋានៈជា​មេដឹកនាំ​មួយ​រូប​ ​លោក​បាន​ថ្លែង​ថា​ ​អ្នកនយោបាយ​ ​និង​ក្រុម​អមិត្ត​ខ្លះ​ ​កំពុង​ទាញ​ទម្លាក់​រាជរដ្ឋាភិបាល​ ​ដូច្នេះ​សំខាន់​បំផុត​ត្រូវ​ថែរក្សា​សុខ​សន្តិភាព​ ​ស្ថិរភាព​ ​ត្រូវ​ទប់​សង្គ្រាម​ផ្ទៃក្នុង​ ​មានតែ​ខ្មែរ​គ្នាឯង​ទេ​ដែល​គិត​ពី​ខ្មែរ​ ​តែ​ប្រទេស​មហាអំណាច​មិនដែល​គិត​ពី​ខ្មែរ​នោះ​ទេ​ ​ជាក់ស្តែង​គឺ​មានតែ​បន្សល់ទុក​នូវ​គ្រាប់បែក​ទម្លាក់​មក​កាលពី​សម័យ​ ​លន់​ ​នល់​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​គូសបញ្ជាក់​ថា​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​បន្ត​ការ​បំពាក់​ ​និង​តម្លើង​ប្រាក់បៀវត្ស​គ្រប់បែបយ៉ាង​ដល់​កងទ័ព​ ​និង​មាន​ជាប់​ជាប្រចាំ​ ​ហើយ​គោលនយោបាយ​គ្រប់បែបយ៉ាង​របស់​រដ្ឋាភិបាល​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​កងទ័ព​ ​និងអតីតយុទ្ធជន​ ​ប៉ុន្តែ​ក្នុង​នោះ​ក៏​មានរឿង​ថ្នាំងថ្នាក់​តិចតួច​ផង​ដែរ​ជា​រឿង​ធម្មតា​ដែល​រដ្ឋាភិបាល​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​ដែល​មាននៅ​ក្នុង​សតិអារម្មណ៍​ ​ដើម្បី​ជា​ផលប្រយោជន៍​របស់​កងទ័ព​ ​និង​ជាតិ​មាតុភូមិ​ទាំងមូល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close