ហេតុអ្វីបានជា​មាន​កំណើន​អ្នក​វិនិយោគ​ចិន​នៅ​កម្ពុជា​ច្រើន​?​

បច្ចុប្បន្ននេះ គេសង្កេតឃើញថា កំណើនអ្នកវិនិយោគិនចិនបាននិងកំពុងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាយ៉ាងច្រើន, ជាក់ស្តែងវិស័យដែលមើលឃើញថាមានការរីកចម្រើនខ្លាំងក្នុងពេលបច្ចុប្បន្ននេះ គឺពាក់ព័ន្ធនឹងវិស័យដីធ្លី និងសំណង់ ដែលសុទ្ធសឹងតែជាការវិនិយោគរបស់អ្នកវិនិយោគទុនជនជាតិចិន។

តើមានមូលហេតុអ្វីបាននាំឲ្យអ្នកវិនិយោគជនជាតិចិនទាំងនោះមកបណ្តាក់ទុករកស៊ីនៅកម្ពុជា?

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Wang wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា កំណើនអ្នកវិនិយោគចិនមកបណ្តាក់ទុនច្រើននៅកម្ពុជានេះ គឺដោយសារទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា មានភាពរឹងមាំ និងរីកចម្រើន។

លោកថា ក្នុងនោះស្ថិរភាពនយោបាយនៅកម្ពុជាក៏ជាកត្តាដែលជំរុញកំណើនអ្នកវិនិយោគចិននៅកម្ពុជា បូករួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាដែលធ្វើឱ្យកម្ពុជាមានភាពរឹងមាំល្អ ក៏ជាផ្នែកមួយទៀតដែលធ្វើ ឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុកនៅកម្ពុជាច្រើនផងដែរ។

លោកទូតបន្តថា មួយវិញទៀតបរិយាកាស និងគោលនយោបាយរបស់កម្ពុជាល្អ ក៏ជាកត្តារួមផ្សំដែលធ្វើឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះ ការបង្កើនការវិនិយោគរបស់វិនិយោគិនចិននៅកម្ពុជាគឺជាកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

តាមឯកអគ្គរដ្ឋទូតចិនរូបនេះថា តាមរយៈការវិនិយោគិនចិនមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើននេះ នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានការរីកចម្រើន និងបង្កើនឱកាស ការងារច្រើនដល់ពលរដ្ឋកម្ពុជាផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close