ឯកឧត្តមរដ្ធមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រុមការងារចុះពិនិត្យការបង្កាត់ពូជគោដោយសិប្បនិម្មិតប្រភេទពូជប្រាម៉ាន់
នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចុះទៅពិនិត្យការប្រមូលស្រូវប្រាំងនៅស្រុកអង្គរបូរីរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យការបង្កាត់គោដោយសិប្បនិម្មិតប្រភេទពូជ ប្រាម៉ាន់ របស់កសិករ សែម សង្វាត នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង។
ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្នុងទឹកចិត្តសប្បាយរីករាយ លោកសង្វាត បញ្ជាក់ថាបន្ទាប់ពីចូលនិវត្តន៍ពីការងារជាមន្ត្រីរាជការ លោកចាប់ផ្តើមចិញ្ចឹមគោ ៣ឆ្នាំមកហើយ បច្ចុប្បន្នគ្រួសារមានជីវភាពធូរធារ កូនៗរៀនចប់បរិញ្ញាបត្រ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ ដោយសារចំណូលពីការចិញ្ចឹមគោចំនួន ២៣ក្បាល ដោយមេគោពេញវ័យមួយក្បាលអាចលក់បានជាង ៣ពាន់ដុល្លារជាមធ្យមក្នុង១ឆ្នាំ អាចទទួលបានចំណូល ១-១,៥ ម៉ឺនដុល្លារ រួមផ្សំជាមួយផលស្រូវផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកសង្វាតដែលបានប្រកាន់យករបរចិញ្ចឹមគោដែលជាប្រភពចំណូលយ៉ាងល្អប្រសើរក្នុងការកែប្រែជីវភាពគ្រួសារ។
ចំណូលដ៏ខ្ពស់នេះ ធ្វើឱ្យគ្រួសារគាត់មានជីវភាពល្អប្រសើរ គ្រួសារមានសុភមង្គល ហើយនេះគឺជាលទ្ធផលយ៉ាងល្អប្រសើរដែលបានពីការអភិវឌ្ឍនៃវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វត្រូវខិតខំបន្ថែមទៀតលើការងារបង្កាត់ពូជគោ និងត្រូវកែប្រែប្រព័ន្ធផលិតកម្មចិញ្ចឹមពីចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅចិញ្ចឹមជាលក្ខណៈពាក់កណ្តាលឧស្សហកម្មវិញ ប្រយោជន៍ដើម្បីលើកកម្ពស់គុណភាពផលិតកម្មធានាបានគុណភាព អនាម័យ និងសុវត្ថិភាព។
ដោយឡែកអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វត្រូវរៀបចំកម្មវិធីប្រឡងប្រណាំងកសិករឆ្នើមដែលមានស្នាដៃចិញ្ចឹមសត្វបានល្អ និងមានគំនិតច្នៃប្រឌិត ដោយផ្តល់ជាប័ណ្ណសរសើរ ឬប្រាក់រង្វាន់លើកទឹកចិត្ត ដើម្បីជំរុញការងារផលិតកម្មសត្វឱ្យរីកចម្រើន ធានាបានការផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងឈានទៅកាត់បន្ថយការនាំចូល។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នទូទាំងខេត្តតាកែវបានបង្កាត់គោដោយសិប្បនិម្មិត្តបានជាង ១ពាន់ក្បាល។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។