ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតរម្លឹកកងទ័ព ​អនុវត្តបទបញ្ជា និងការពារសន្តិភាព

រាជធានី​ភ្នំពេញ: ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញព្រំដែនគោក ​ ប្រចាំឆ្នាំ២០១៩ និងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលនានា ក្នុងតំបន់ប្រតិបត្តិការ សឹករងកំពត នាថ្ងៃសៅរ៍ ទី២ កុម្ភះ ២០១៩​ ក៏បានសូមផ្តាំផ្ញើការសាកសួរសុខទុក្ខ​ ប្រកបដោយសេចក្តីនឹករលឹកនិងមនោសញ្ចេតនាជ្រាលជ្រៅ សំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំក្រសួងការពារជាតិអគ្គបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ ជូនចំពោះ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ដែលនៅទីនេះនិងនាយទាហាន នាយទាហានរង ពលទាហាននៅក្នុងយោធភូមិភាគទី៣ និងសូមអបអរសាទរចំពោះសិក្ខាកាម និងយោធាចារ្យទាំង អស់ដែល បានបញ្ចប់ជំនាញព្រំដែនដោយជោគជ័យ។

ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​ ជាថ្មីម្តងទៀត បានក្រៀនរម្លឹកកងទ័ព ​អនុវត្តបទបញ្ជា និងការពារសន្តិភាព ដែលមានសព្វថ្ងៃ ឱ្យខាងតែបាន។ លោកមេទ័ព បន្តថា ការសម្ពោធសមិទ្ធផលនៅថ្ងៃនេះ គឺស្របពេលនឹងប្រទេសជាតិមានការរីកចម្រើន និងទទួលបានសេចក្តីសុខសន្តិភាព ស្ថិរភាព និងភាព សប្បាយរីករាយ របស់ប្រជាពលរដ្ឋ។

នៅក្នុងខណៈពេលដែលប្រជាពលរដ្ឋមានសុខសន្តិភាពមានភាពសប្បាយរីករាយ ភារកិច្ចរបស់កងកម្លាំង ប្រដាប់អាវុធ ត្រូវត្រៀមជានិច្ចដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព សន្តិសុខជូនប្រជាជនគ្រប់ពេលទាំងអស់។ សូមកោតសរសើរនិងអរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការសឹកខេត្តកំពតដែលបានបំពេញភារកិច្ចនៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេចក្តីសុខជូនដល់ប្រជាពលរដ្ឋរបស់យើង។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ទន្ទឹមនឹងសេចក្តីសុខ និងស្មារតីឯកភាពជាតិ ការធានាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គមគឺជាកិច្ចការដែល សំខាន់ដែល ត្រូវយកចិត្តទុកដាក់ទាំងកត្តា ខាងក្រៅផងនិងកត្តាខាងក្នុងផង។ ជាពិសេសឥទ្ធិពលនៃការវិវត្តន៍របស់សភាពការណ៍សន្តិសុខពិភពលោក និងតំបន់ក៏ដូចជាការចិញ្ចឹម ចិត្តដួលរំលំរដ្ឋាភិបាលស្របច្បាប់តាមគ្រប់រូបភាពជាពិសេសចលនាបដិវត្តពណ៌ និងការប៉ុនប៉ងរបស់បរទេសក្នុងការជ្រៀតជ្រែកផ្ទៃក្នុងតាមគ្រប់រូបភាព។ តាមរយៈការជ្រៀតជែ្រកផ្ទៃក្នុងរបស់បរទេស ប្រវត្តិសាស្ត្របានផ្ដល់មេរៀនជាច្រើនដែលត្រូវចងចាំ គឺប្រទេសកម្ពុជាតែងតែធ្លាក់នៅ ក្នុងវិបត្តិមហន្តរាយដ៏គ្រោះថ្នាក់ សម្រាប់ជាតិ និងប្រជាជនដែលនាំទៅដល់សោកនាដកម្មអាក្រក់និងសាហាវយង់ឃ្នងបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ សម្រាប់យើង គ្រួសារយើង និងប្រទេសជាតិយើង ថែរក្សាសុខសន្តិភាព និងសេចក្តីសុខសម្រាប់កូនចៅ យើងជំនាន់ក្រោយ ព្រោះថាបើមានអសន្តិសុខហើយ មានច្បាំងគ្នាហើយ ប្រទេសហែកគ្នាហើយ ប្រជាពលរដ្ឋមើលមុខគ្នាមិនត្រូវហើយ ហ្នឹងហើយគឺជាអសន្តិសុខ គ្មានសេចក្តីសុខនៅក្នុងចិត្តសម្រាប់កាយរបស់យើង។ នេះគឺជាអ្វីដែលយើង ត្រូវចងចាំទាំងអស់គ្នា ហើយកងកម្លាំងទាំងអស់ ត្រូវអោយច្បាស់ នឹងពាក្យសន្តិភាព។ លោក បញ្ជាក់ថា “សេចក្តីសុខប្រទេសរបស់យើងមិនត្រឹមតែជាសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាសេចក្តីសុខប្រទេសនៅក្នុងតំបន់ និងភាគីមិត្តទាំងអស់។ ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវចងចាំតួនាទីនិងភារកិច្ច ត្រូវតែស្មោះត្រង់ដាច់ខាត និងការជាតិសាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ការពារ រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីប្រជាពលរដ្ឋ”។ លោកឧត្តមសេនីយ៍ បន្តថា អ្នកនយោបាយខ្លះ បានប្រៀបធៀបកម្ពុជាទៅនឹងប្រទេស venezuela។ ប៉ុន្តែសូមកុំភ្លេចថាតួអង្គនេះ មិនដែលជួយអ្វីដល់ស្រុកខ្មែរនោះ ទេក្រៅពីបំផ្លិចបំផ្លាញក្រៅពីញុះញង់ដើម្បីអំណាចផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋកំពុងតែមានសេចក្តីសុខ ដឹកនាំធ្វើបាតុកម្ម តាមរោងចក្រ តាមបន្ទាត់ព្រំដែន ដើរបំផុសចលនាអោយបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើបាបប្រជាជនខ្លួនឯង។ ហើយលើកនេះដើរបំផុសចលនាដល់កងកម្លាំង។ បើចង់ឈ្នះ ខំ ប្រឹងទៅ ខិតខំបម្រើប្រជាពលរដ្ឋ កុំដើរអុជអាលប្រជាពលរដ្ឋ កងកម្លាំងប្រដាប់វុធបំផ្លាញប្រទេសខ្លួនឯង ដើម្បីមហិច្ឆតានយោបាយខ្លួនឯង ហើយអាងតែខ្លួនឯងមានលិខិតឆ្លងដែនបរទេសងាយស្រួលទៅនៅបរទេសទុកឱ្យប្រទេសវេទនា ប្រជាជននៅវេទនាហើយខ្លួនឯងរត់ទៅក្រៅនោះ កុំសង្ឃឹម។ លោក ជឿថា ពូមីងដែលជាអតីតយុទ្ធជនមិនចង់ឲ្យប្រទេស និងកូនចៅរបស់ខ្លួនវេទនាដោយសារសង្រ្គាមដូចអតីតកាលនោះទេ គឺចង់ឲ្យកូនចៅជំនាន់ក្រោយ មានសេចក្តីសុខ។ កម្លាំងប្រដាប់អាវុធក៏ដូចគ្នា យើងត្រៀមការពារជាតិ គឺមិនឲ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាមខ្មែរនិងខ្មែរឡើយ។ កងកម្លាំងប្រដាប់ អាវុធត្រូវបន្ តអនុវត្តផែនការយុទ្ធសាស្រ្តរួមមានកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាពិសេសគោល នយោបាយលើវិស័យការពារជាតិ ផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងគោលការណ៍១០ ចំណុចរបស់សម្តេចតេជោហ៊ុនសែន ដែលបានថ្លែងនៅខួបទី២០ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ គោរព បទបញ្ជាបទវិន័យ លក្ខន្តិកៈ ច្បាប់រដ្ឋ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនបង្កើនសមត្ថភាព បង្កើនការងារអប់រំចិត្តសាស្រ្ត យកចិត្តទុកដាក់ថែរក្សាអាវុធយុទ្ធភណ្ឌតាមលក្ខណៈបច្ចេកទេសនៅតាមច្បាប់រដ្ឋ បន្តកិច្ចសហការល្អជាមួយអាជ្ញាធរភាគីពាក់ព័ន្ធ និងជាមួយប្រជាពលរដ្ឋនៅក្នុងគោលដៅសាមគ្គីភាពជាតិ ទប់ស្កាត់នូវបទល្មើសទាន់ពេលវេលា លើកស្ទួយកំរិតជីវភាពប្រជាពលរដ្ឋ។ បន្តពង្រឹងពង្រីកកិច្ចសហការជាមួយនឹងប្រទេសជិតខាងខិតខំដោះស្រាយបញ្ហាព្រំដែន កសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close