ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោកស្រី Sunniya Durrani Jamal នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេសប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោកស្រី Sunniya Durrani Jamal នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេសប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម។ លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាគោលបំណងនៃជំនួបពិភាក្សានាពេលនេះគឺទី១-ចង់បានអនុសាសន៍ពីឯកឧត្តមរដ្ឋមន្រ្តីដើម្បីរៀបចំគម្រោងអភិវឌ្ឍវិស័យផ្សេងៗជារួម និងដោយឡែកវិស័យកសិកម្មដូចជាកសិកម្ម និងទឹក ការប្រែប្រួលអាកាសធាតុ ការធ្វើឱ្យប្រសើរឡើងលើកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន និងការបង្កើនផលិតភាពផលិតកម្ម។ល។
ទី២-សិក្សាលើតម្រូវការចាំបាច់ដែលត្រូវលើកយកមកពិភាក្សារួចដាក់ចេញនូវគម្រោងអភិវឌ្ឍឱ្យត្រូវតាមគោលនយោបាយរបស់ក្រសួង ជាពិសេសឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ ឬអ្នកផលិត។ មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រីថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលបានចូលរួមចំណែកលើកកម្ពស់កំណើនសេដ្ខកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
តែទោះជាយ៉ាងណា វិស័យកសិកម្មទាមទារធ្វើការអភិវឌ្ឍច្រើនថែមទៀតដើម្បីឆ្លើយតមទៅតាមកំណើនសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជានៅទូទាំងពិភពលោក កំណើនប្រជាជនកម្ពុជា កំណើនភ្ញៀវទេសចរណ៍ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ហេតុផលនេះ តាមរយៈលោកស្រី ឯកឧត្តមរដ្ឋមន្រី្តបានស្នើឱ្យធនាគារអភិវឌ្ឍអាស៊ីគិតគូពិចារណា និងធ្វើការសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតពីលទ្ធភាពនៃការផ្តល់ហិរញ្ញវត្ថុដើម្បីអនុវត្តគម្រោងនានាដែលទាក់ទងនឹងអនុវិស័យសំខាន់ៗមួយចំនួនដូចជា៖ ទី១-ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការអភិវឌ្ឍផលិតកម្មបន្លែ និងដំណាំរួមផ្សំ ជាអាទិ៍៖ ការពង្រឹងនិងការបញ្ចូលបច្ចេកវិទ្យា ទៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្អគាំទ្រនិងការគ្រប់គ្រងដំណាំ ការប្រមូលផល ការវេចខ្ចប់ ស្លាកសញ្ញា ឃ្លាំងត្រជាក់រក្សាផលិតផល និងកាតគ្រប់គ្រងទិផ្សារ ។ល។ និយាយជារួមគឺខ្សែច្រវាក់ផលិតកម្មគ្រប់ជ្រុងជ្រោយពី A to Z ដើម្បីធានាបានទាំងបរិមាណផ្គត់ផ្គង់ គុណភាព អនាម័យ និងភូតគាមអនាម័យ (SPS) ទី២- លើកកម្ពស់វិស័យវារីវប្បកម្មឱ្យបានល្អ ប្រសើរទាំងទឹកប្រៃ និងទឹកសាប ធ្វើយ៉ាងកាត់បន្ថយការចាប់មច្ចជាតិពីប្រភពធម្មជាតិ លើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារ ក៏ដូចចំណូលសហគមន៍ ធ្វើការកែច្នៃ និងនាំចេញ។ ទី៣- វិស័យផលិតកម្មសត្វ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់កម្រិតជីវភាពគ្រួសារ ដូច្នេះទាមទារត្រូវធ្វើការអភិវឌ្ឍពូជ (ប្តូរពូជ និងការបង្កាត់សិប្បនិមិ្មត្ត)ដែលមានតម្លៃក្នុងទីផ្សារជំងឺ និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សម្រាប់គ្រួសារកសិករ រួមទាំងការគ្រប់គ្រង ចំណី ការការពារ ។ ទី៤-ជំរុញ និងលើកទឺកចិត្តដល់វិស័យឯកជនក្នុងការផលិតពូជ ធ្វើការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវពូជសុទ្ធល្អ ធានាគុណភាពល្អ និងទិន្នផលកើន រួចត្រូវអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាការនូវបរិមាណផ្គត់ផ្គង់ ធានាបាននូវការជឿទុកចិត្ត រក្សាតម្លៃ និងនិរន្តរភាពនៃការ ផលិត។ ទី៥-ផលិតកម្មពោតក៏ជាវត្ថុធាតុដើមមួយយ៉ាងសំខាន់ក្នុងវិស័យផលិតកម្មចំណីសត្វ ដែលទាមទារឱ្យធ្វើការយកចិត្តទុកដាក់លើការដាំដុះ ពូជ បច្ចេកទេសក្រោយប្រមូលផល (ឃ្លាំងស្តុក និងរោងសម្ងួត) ដើម្បីបង្កើនផលិតភាពផលិតកម្មពោត ធានាបរិមាណផ្គត់ផ្គង់ឱ្យទីផ្សារចំណីសត្វ គុណភាព និងកាត់បន្ថយការនាំចូល។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់មន្រ្តីបង្គោលទាំងអស់ធ្វើតាមដានជាប្រចាំនូវស្ថានភាពប្រាក់ចំណូល និងស្ថានភាពជីវិភាពរស់នៅរបស់កសិករមុន និងក្រោយទទួលបានការឧបត្ថម្ភពីគម្រោង ។ អ្វីដែលក្រសួង និងរាជរដ្ឋាភិបាលចង់បាន ចង់ឃើញគឺការផ្លាស់ប្តូរកម្រិតជីវភាពរបស់ប្រជាពលរដ្ឋពិតប្រាកដ។ ជាថ្មីម្តងទៀត ក្នុងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារអភិវឌ្ឍអាស៊ីដែលកផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម ហើយសង្ឃឹមថាលោកស្រីនឹងខិតខំអស់លទ្ធភាពបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកស្រីបានទទួលយកទៅពិនិត្យ ពិចារណា ហើយលោកស្រីបានសន្យាថានឹងខិតខំឲ្យអស់លទ្ធភាពសិក្សា និងវាយតម្លៃរាល់ចំណុចនីមួយៗដែលឯកឧត្តមរដ្ឋមន្រ្តិបានលើកឡើងឱ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយដោយក្រុមជំនាញនីមួយៗ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។