វិវឌ្ឍនភាពការអនុវត្តកម្មវីធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តព្រះសីហនុ
យោងតាមការកែសម្រួលសមាសភាពមន្ត្រី និងបង្កើតក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ២ក្រុមបន្ថែមនៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តព្រះសីហនុ តាមសេចក្តីសម្រេចរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ។
នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដឹកនាំដោយលោក ចេង ស្រុង ប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ ស្រុកកំពង់សីលា ស្រុកស្ទឹងហាវ
ដែលជាប្រធានក្រុមការងារចុះបញ្ជីដីធ្លី ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងប្រកាសសមាសភាពក្រុមការងារចុះបញ្ជីដីធ្លីទាំង៣ក្រុម និងផ្តល់ការណែនាំអំពីការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ ដល់មន្ត្រីជំនាញ ដើម្បីសម្រេចឲ្យបាននូវផែនការចេញប័ណ្ណចំនួន ១៣០០០ប័ណ្ណ ក្នុងឆ្នាំ២០១៩ ។
ទន្ទឹមនេះដែរ លោកប្រធានមន្ទីរបានណែនាំឲ្យក្រុមចុះបញ្ជីទាំង៣ក្រុម ចាប់ផ្តើមដំណើរការវាស់វែងតាមគោលដៅ ដែលមានភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ និងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ចាប់ពីថ្ងៃច័ន្ទ ទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ តទៅ និងសូមធ្វើការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយជូនដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងស្ថាប័ន ដែលជាម្ចាស់ដី ឫអចលនវត្ថុទាំងអស់បានជ្រាប និងចូលរួមសហការឲ្យបានទាន់ពេលវេលា ព្រមទាំងសម្រេចបានប្រសិទ្ធិភាពខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។