សម្តេចតេជោហ៊ុន សែន៖ បងប្អូនប្រជាពលរដ្ឋ និងទេសចរចេញទៅកំសាន្តនៅតាមរមណីយ ដ្ឋានជាច្រើន ជាពិសេសនៅតំបន់សមុទ្រ
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋនៃ កម្ពុជាបានមានប្រសាសន៍ថា «នៅក្នុងថ្ងៃចូលឆ្នាំចិន យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងទេសចរចេញទៅកំសាន្តនៅតាមរមណីយដ្ឋានជាច្រើន ជាពិសេសនៅតំបន់សមុទ្រ »។
សម្តេចបន្តថា ក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ ចរាចរណ៍ក៏មិនសូវស្ទះ គឺដោយ សារបងប្អូនចេញទៅជួបជុំក្រុមគ្រួសារ និងកំសាន្តសប្បាយនៅតាមបណ្តាខេត្ត និងចេញក្រៅប្រទេស។ សព្វថ្ងៃនេះ មធ្យោបាយធ្វើដំណើរមានគ្រប់ជម្រើស ហើយផ្លូវធ្វើដំណើរក៏កាន់តែងាយស្រួល រីឯសុវត្ថិភាពសន្តិសុខគឺធានាបានល្អនៅគ្រប់ទីកន្លែង ដែលកាន់តែផ្តល់ឱកាសអោយពលរដ្ឋ និងទេសចរទៅកំសាន្តសប្បាយដោយគ្មានការភ័យព្រួយ។ មានសន្តិភាព គឺមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស។
សម្តេចមានប្រសាសន៍ទៀតថា សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ និងយោគយល់ខ្ពស់អោយគ្នាទៅវិញទៅមក។
កុំបើកវ៉ាប្រជែងគ្នានៅលើស្ពាន ឬលើផ្លូវកោងតូចចង្អៀត ឬមានឡានសណ្តោងធំៗ ចៀសវាងគ្រោះថ្នាក់ដោយចៃដន្យណាមួយ ដែលធ្វើអោយយើងសោកស្តាយអស់មួយជីវិត ជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។
ក្នុងឱកាសនោះ សម្តេចតេជោហ៊ុន សែន សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។