ក្រសួងបរិស្ថាន និងប្រជាសហគមន៍ព្រៃឡង់ ប្រារព្ធពិធីបំបួសដើមឈើ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ប្រពលរដ្ឋជាង៣០០នាក់ មកពីសហគមន៍ការពារធម្មជាតិនៃខេត្តទាំង៤ រួមមានខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ដែលគ្រប់ដណ្តប់ដោយព្រៃឡង់ បានមកជួបជុំ នៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» តំបន់វាលតាសិល្ប៍ ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធីបំបួសដើមឈើ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឲ្យបន្តគង់វង្សសម្រាប់អនាគត។
ពិធីបំបួសដើមឈើ ប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ ដោយមានការចូលរួមពីតំណាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងអាជ្ញាធរមូលដ្ឋាន សិស្ស និស្សិត ព្រះសង្ឃ ប្រជាពលរដ្ឋ តំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ផ្សេងទៀត។
អ្នកស្រី ភោគ ហុង គណៈកម្មការព្រៃឡង់ ខេត្តព្រះវិហារ បានឲ្យដឹងថា គោលបំណងដែលរៀបចំឲ្យមានការបំបួសដើមឈើនេះ គឺជាការរក្សាប្រពៃណីសាសនាជនជាតិដើមភាគតិច និងការរំលឹកគុណព្រៃឈើ ដែលបានជួយថែរក្សា និងចិញ្ចឹមដល់ប្រជាពលរដ្ឋ ក៏ដូចជាការជម្រុញឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាព្រៃឈើ ការពារធនធានជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់កាន់តែប្រសើថែមទៀត។
លោក វង់ សាន ប្រធានសហគមន៍ក្បាលខ្លានៃតំបន់ព្រៃឡង់ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ បានបញ្ជាក់ថា ព្រៃឡង់មានសារៈសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ វាអាចជួយផ្តល់នូវទឹកភ្លៀង កាត់បន្ថយកំដៅ រួមទាំងការប្រមូអនុលផលពីព្រៃឈើ ដូចជាផ្លែឈើ វ័ល្ល បេះផ្សិត ជ័រ រួមទាំងដងជ័រ ដែលជួយប្រជាសហគមន៍អាចរកប្រាក់ចំណូលគ្រប់រដូវកាល។ ប៉ុន្តែតំបន់នេះក៏កើតមានបញ្ហា ប្រឈមដោយសារមានជនខិលខូចមួយចំនួន នៅតែលួចអារដើមឈើ និងបរបាញ់សត្វព្រៃ ខណៈពេលដែលបណ្តាញសហគមន៍ព្រៃឈើ និងសម្មតិកិច្ចមានការខ្វះចន្លោះ បន្ទាប់ពីមានការល្បាត។
លោក ខៀវ បូរិន មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានឲ្យដឹងថា ពិធីបំបួសដើមឈើជាប្រវត្តិសាស្រ្តនេះ បានរៀបចំឡើងជាលើកទី១ ដែលមានប្រជាសហគមន៍ការពារព្រៃឡង់ច្រើនកុះករ មកពី០៤ខេត្តជួបគ្នាមិនធ្លាប់មាន។ លោកបានថ្លែងអំណរគុណ និងកោតសរសើចំពោះប្រជាសហគមន៍នៃបណ្តាញការពារព្រៃឡង់ទាំង៤ខេត្ត (ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ) រួមទាំងមន្រ្តីឧទ្យានុរក្ស ដែលបានយកចិត្តទុកដាក់ ការពារ ថែរក្សា ស្រឡាញ់ព្រៃឈើ ធ្វើឲ្យព្រៃឈើនៅក្នុងព្រៃឡង់ មាននៅទ្រង់ទ្រាយល្អរហូតមកដល់សព្វថ្ងៃ។
លោកក៏បានចាត់ទុកថា ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីគុណតម្លៃរបស់ព្រៃឈើចំពោះមនុស្សទាំងអស់គ្នា ហើយសង្ឃឹមថា ពួកគាត់ចេះគ្រប់គ្រងធនធានរបស់ខ្លួនបានល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ពីធីបុណ្យតាមប្រពៃណីសាសនាបំបួសដើមឈើនៅពេលនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP និងបណ្តាញសហគមន៍ព្រៃឡង់ ក្នុងបំណងបង្កើនការយល់ដឹងពីអត្ថប្រយោជន៍ព្រៃឈើដល់ប្រជាពលរដ្ឋ និង ដើម្បីជាការចាប់ផ្តើមពង្រឹងក្នុងកិច្ចសហការអភិរក្សគ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍ប្រជាពលរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅតែស្រស់ត្រកាលគ្របដោយស្បៃធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។