ក្រូច​ពោធិ៍សាត់​ ​គ្រោង​នឹង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ទំនិញ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​

​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យដឹង​ថា​ ​ក្រូច​ពោធិ៍សាត់​ ​ដែល​ជា​ក្រូច​ដ៏​ពេញនិយម​របស់​ពលរដ្ឋខ្មែរ​ ​គ្រោង​នឹង​យក​ទៅចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ទំនិញ​ ​នៅ​ពេល​ឆាប់​ៗ​នេះ​ ​ដើម្បី​ការពារ​ផលប្រយោជន៍​អ្នក​ផលិត​ ​និង​ជួយ​លើកកម្ពស់​ជីវភាព​ផលិតករ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។​

​លោក​ ​អប​ ​រ៉ា​ឌី​ ​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ឲ្យដឹង​ថា​ ​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ដល់​ក្រូច​ពោធិ៍សាត់​នេះ​ ​ដើម្បី​ជួយ​ទប់ស្កាត់​ក្នុង​ការ​ក្លែងបន្លំ​ប្រភព​ដើម​ ​និង​ជួយ​លើកកម្ពស់​ជីវភាព​ដល់​ផលិតករ​ម្ចាស់​ប្រភព​ទំនិញ​ ​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ​និង​ការនាំចេញ​ទៅ​ផ្សារ​ក្រៅប្រទេស​ ​ដោយសារ​ប្រទេស​មួយចំនួន​តម្រូវឲ្យ​ទំនិញ​មាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នេះ​។​

​លោក​ក​បាន​បន្ត​ថា​ ​ក្រសួង​បាន​ចុះទៅ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ទំនិញ​អំពី​ក្រូច​ពោធិ៍សាត់​-​បាត់ដំបង​ដល់​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​សិក្សា​មុននឹង​យក​ទៅចុះ​បញ្ជី​ម៉ាក​សញ្ញាសម្គាល់​ភូមិ​សាស្រ្ត​ទំនិញ​នា​ពេល​អនាគត​ ​ដើម្បី​ជួយ​បង្កើន​តម្លៃបន្ថែម​មួយ​កម្រិត​ទៀត​ដល់​ផលិតករ​ ​ខណៈ​បច្ចុប្បន្ន​នេះ​ក្រូច​ពោធិ៍សាត់​-​បាត់ដំបង​មានតម្លៃ​ចន្លោះ​ពី​ ​២ម៉ឺន​ ​ទៅ៤ម៉ឺន​រៀល​ ​ក្នុង​មួយ​ផ្លូន​។​

​លោក​បាន​គូសបញ្ជាក់​ថា​ ​ក្រៅពី​ក្រូច​ពោធិ៍សាត់​-​បាត់ដំបង​ក្រសួង​ក៏បាន​កត់សម្គាល់​ផង​ដែរ​នូវ​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​ដែល​គ្រោង​នឹង​យក​ទៅចុះ​បញ្ជី​ម៉ាក​សញ្ញាសម្គាល់​ភូមិ​សាស្រ្ត​នា​ពេល​អនាគត​មាន​ដូចជា​ ​ពង​ទា​ស្រែ​ននោង​នៅ​ខេត្តតាកែវ​ ​ទុរេន​កំពត​ ​និង​ប្រហុក​សៀមរាប​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close