ប្រវត្តិ​សង្ខេប​ ​នៃ​បុណ្យមាឃបូជា​

​ថ្ងៃនេះ​ ​ជា​ថ្ងៃ១៥កើត​ ​ខែមាឃ​ ​ពេញ​បូរមី​ ​ជា​ថ្ងៃ​មាឃបូជា​ ​ដែល​ជាពិធី​បុណ្យ​សាសនា​ដ៏​ធំ​មួយ​នៅក្នុង​ព្រះពុទ្ធ​សាសនា​។​ ​ប្រជាជន​ខ្មែរយើង​ភាគច្រើន​សុទ្ធតែ​បាន​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់​ឆ្នាំ​មិនដែល​អាក់ខាន​នោះ​ឡើយ​។​

​តើ​មាឃបូជា​នេះ​មាន​អត្ថន័យ​យ៉ាងណា​?​

​ពាក្យ​ ​«​មាឃ​»​ ​គឺជា​ឈ្មោះ​ខែ​មួយ​តាម​ប្រតិទិន​ចន្ទគតិ​ ​ឯ​ពាក្យ​ ​«​បូជា​»​ ​ប្រែជា​ ​ការ​ថ្វាយ​ ​ការ​ប្រគេន​ ​ការ​ជូន​ ​ឬ​ការប្រតិបត្តិ​តាម​។​ ​រួម​ទាំងពីរ​មក​ ​«​មាឃបូជា​»​ ​គឺ​មានន័យថា​ ​«​ការ​បូជា​នៅក្នុង​ខែមាឃ​»​។​

​តាម​សៀវភៅ​សាសនា​បាន​បង្ហាញថា​ ​ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​ ​គឺ​ដើម្បី​រម្លឹក​នូវ​ព្រឹត្តិ​កា​រណ៏​សំខាន់៣យ៉ាង​ ​ដែល​រួមមាន​ ​ទី១​ ​ការ​ធ្វើ​ចតុរង្គ​សន្និបាត​ ​និង​ទី២​ ​ព្រះពុទ្ធ​ ​សម្តែង​ឱវាទ​បាតិមោក្ខ​ដល់​ភិក្ខុ​ ​ហើយ​ទី៣​ ​ព្រះពុទ្ធ​ ​ដាក់​អាយុសង្ខារ​។​

​ចតុរង្គ​សន្និបាត​ ​មានន័យថា​ ​ជា​ការ​ជួបជុំគ្នា​របស់​សាវ័ក​ព្រះពុទ្ធ​ ​នៅក្នុង​ថ្ងៃមួយ​ ​ហើយ​ប្រកបដោយ​អង្គ​ឬ​ហេតុ៤យ៉ាង​។​ ​អង្គ​ឬ​ហេតុ​ទាំង៤​ ​ដែល​កើតឡើង​ក្នុង​ថ្ងៃ​ជួបជុំ​នោះ​ ​គឺទី១​ ​ជា​ថ្ងៃឧបោសថ​ ​ដែល​មាន​ព្រះចន្ទ​ពេញវង់​ល្អ​ ​ទី២​ ​ជា​ថ្ងៃ​ ​ដែល​ព្រះភិក្ខុ​ទាំង១២៥០អង្គ​ ​មក​ជួបជុំគ្នា​ក្នុង​សំណាក់​ព្រះសម្មាសម្ពុទ្ធ​ដោយ​មិន​មានការ​ណាត់​ជាមុន​ ​ទី៣​ ​ព្រះភិក្ខុ​ទាំងអស់​នោះ​ ​សុទ្ធសឹងតែ​ជា​ព្រះអរហន្ត​ ​និង​ទី៤​ ​ព្រះភិក្ខុ​ទាំងអស់​នោះ​ ​សុទ្ធសឹងតែ​ជា​ឯហិ​ភិក្ខុ​។​ ​ឯហិ​ភិក្ខុ​ ​គឺ​សំដៅលើ​ជន​ណា​ម្នាក់​ ​ដែល​គ្រាន់តែ​ចូល​ទៅ​ស្តាប់ធម៌​របស់​ព្រះពុទ្ធ​ ​ហើយក៏​ក្លាយជា​ភិក្ខុ​ដូច​គេ​ដែរ​។​ ​ចតុរង្គ​សន្និបាត​នេះ​ ​មានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​សម័យ​ព្រះពុទ្ធ​។​

​រីឯ​ ​ការ​សម្តែង​ឱវាទ​បាតិមោក្ខ​ ​ជា​កម្រង​ដំបូន្មាន​របស់​ព្រះពុទ្ធ​ ​ដើម្បី​ដឹកនាំ​សត្វលោក​ទាំងអស់​ឲ្យ​រួចផុត​ទុក្ខ​។​ ​ឱវាទ​បាតិមោក្ខ​ ​មាន​ដូចជា​ ​សេចក្តី​អត់ធន់​ ​ការ​មិន​ធ្វើបាប​ទាំងពួង​ ​ការ​បំពេញ​កុសល​ ​ការ​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់​ ​ការ​មិន​ពោល​ពាក្យ​តិះដៀល​ ​និង​ការ​មិន​បៀតបៀន​គ្នា​ ​ជាដើម​។​

​ក្រោយ​សម្តែង​ឱវាទ​បាតិមោក្ខ​រួចហើយ​ ​ព្រះពុទ្ធ​ ​ក៏​ប្រកាស​តែងតាំង​ភិក្ខុ២អង្គ​ ​ជា​អគ្គសាវ័ក​កំពូល​លើស​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំង២អង្គ​នោះ​គឺ​ ​ព្រះ​សារីបុត្ត​ ​ជា​អគ្គសាវ័ក​ស្តាំ​ ​ដែល​មាន​បញ្ញា​លើសគេ​ ​និង​ព្រះ​មហាមោគ្គល្លាន​ ​ជា​អគ្គសាវ័ក​ឆ្វេង​ ​ដែល​មាន​ឫទ្ធិ​លើសគេ​។​

​ចំណែក​ ​ការ​ដាក់​អាយុសង្ខារ​ ​គឺជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ ​កំណត់​ថា៣ខែ​ទៅមុខ​ទៀត​ ​ព្រះអង្គ​ ​នឹង​ចូល​ព្រះនិព្វាន​ ​ដែល​ជា​ការ​លាចាកលោកនេះ​ ​ដោយ​ពុំ​មានការ​ចាប់បដិសន្ធិ​ជាថ្មី​ឡើយ​។​ ​រយៈពេល៣ខែក្រោយ​ ​ព្រះអង្គ​ ​ក៏​ចូល​ព្រះនិព្វាន​ ​ក្នុង​ព្រះជន្ម៨០ព្រះវស្សា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close