អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមសប្តាហ៍ក្រោយ
លោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋសភា នៃប្រទេសវៀតណាម គ្រោងនឹងមកកាន់ប្រទេសកម្ពុជានៅដើមសប្តាហ៍ក្រោយនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ការអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាមនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជានេះ លោក ង្វៀន ហ្វ៊ូជុង នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង ។
បន្ទាប់មកលោក ង្វៀន ហ្វ៊ូជុង ក៏នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
លោក ង្វៀន ហ្វ៊ូជុង នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរបស់របស់ ង្វៀន ហ្វ៊ូជុង នៅកម្ពុជានេះ ក៏មានឯកសារមួយចំនួន នឹងត្រូវចុះហត្ថលេខាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។