ត្រីក្រពតមានជាតិពុលអាចបណ្តាលឲ្យស្លាប់បាន ក្រសួងសុខាភិបាល អំពាវនាវកុំឲ្យបរិភោគ
ជាថ្មីម្តងទៀតក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំបរិភោគត្រីក្រពត ដោយសារពពួកត្រីប្រភេទនេះ អាចបង្កគ្រោះថ្នាក់ដល់ជីវិត។
សេចក្ដីជូនដំណឹងចេញផ្សាយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រសួងបានលើកឡើងថា ពពួកត្រីក្រពតចំនួន៣ប្រភេទ ក្នុងចំណោមចំនួន១០ប្រភេទ មានជាតិពុលខ្ពស់ ដែលអាចសម្លាប់ជីវិតមនុស្សបាន ប្រសិនបរិភោគសាច់របស់វា។
ក្រសួងបញ្ជាក់ថា ត្រីក្រពតដែលមានសារធាតុពុលទាំង៣ប្រភេទនោះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ ខែមីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងមេជីវិតរបស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។
អ្នកបរិភោគត្រីក្រពតនេះ អាចមានអាការៈពុលរយៈពេល២០នាទី ទៅ២ម៉ោង បន្ទាប់ពីបានបរិភោគរួច ហើយរោគសញ្ញាទៅលើអ្នកដែលពុលរួមមាន៖ រមាស់ចាក់ៗនៅបបូរមាត់ និងមាត់ ឈឺក្បាលវិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាគ ល្ហិតល្ហៃ រឹងថ្គាម ជាដើម។
នៅក្នុងសេចក្តីជូនដំណឹងនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការការពុលចំណីអាហារ ពិសេសការរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារល្អគ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ។
លោកបញ្ជាក់ថា ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឲ្យកកយ៉ាងណាក៏ដោយ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថា គិតចាប់ពីឆ្នាំ២០១៧ មកដល់ដើមឆ្នាំ២០១៩នេះ មានករណីពុល និងបណ្ដាលឲ្យស្លាប់មនុស្ស៥នាក់ហើយ ក្នុងនោះចំណោមអ្នកជំងឺចំនួន៤០នាក់ ក្រោយពីបរិភោគត្រីក្រពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។