បុរសដែលអាកឪពុកក្មេក ក្រោយឈ្លោះគ្នាជាមួយប្រពន្ធ ត្រូវសមត្ថកិច្ចចាប់បាននៅស្រុកពួក
ជនសង្ស័យជាឃាតកដែលបានកាប់ឪពុកក្មេករបស់ខ្លួនស្លាប់ ក្រោយពីមានទំនាស់ជាមួយប្រពន្ធកាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៩កន្លងទៅ នៅស្រុកអង្គរជុំនោះ ត្រូវសមត្ថកិច្ចចាប់បានហើយកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ម្សិលមិញ នៅចំណុចវាលស្រែភូមិត្លាត ឃុំសរសរស្តម ស្រុកពួក ខេត្តសៀមរាប ដែលជាផ្ទះប្រពន្ធដើមជនសង្ស័យ។
ការចាប់ខ្លួននេះ ធ្វើឡើងក្រោមបញ្ជាផ្ទាល់របស់លោក ទិត ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ដោយដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ក្រោមកិច្ចសហការពីអធិការដ្ឋាននគរបាលស្រុកពួក និងស្រុកអង្គរជុំ។
ជនសង្ស័យមានឈ្មោះ សាន សួន ហៅ សាន ចិក អាយុ៥៥ឆ្នាំ។ ជនសង្ស័យក៏មានដីកាចាប់ខ្លួនមួយផងដែរ ពាក់ព័ន្ធនឹងករណីឃាតកម្មកាលពីអំឡុងឆ្នាំ២០១៣។
គួររំលឹកផងដែរថា មុនពេលកើតហេតុ ពោលគឺមុនថ្ងៃទី១៩ ខែកុម្ភៈ ជនសង្ស័យបានឈ្លោះគ្នាជាមួយប្រពន្ធ ដោយខឹងរឿងឲ្យគេខ្ចីម៉ូតូជិះរួចដួលប៉ះអាវ។ បន្ទាប់ពីឈ្លោះរួច ប្រពន្ធជនសង្ស័យបានរត់ទៅដេកផ្ទះម្តាយបង្កើតនៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ចំនួន២យប់។ បន្ទាប់មកជនសង្ស័យបានទៅហៅប្រពន្ធមកផ្ទះវិញ ដោយចាប់ក្រៀកកប្រពន្ធអូសមកផ្ទះ។
ខណៈនោះ ឪពុកក្មេកក៏បានដើរតាមស្តីបន្ទោសឲ្យ ដោយដៃមានកាន់កាំបិត ទើតបណ្តាលឲ្យជនសង្ស័យអត់ទ្រាំមិនបាន ក៏ទាញកាំបិតខ្វែវកាប់ឪពុកក្មេកតែម្តងបណ្តាលឲ្យស្លាប់ភ្លាមៗ។
ក្រោយកើតហេតុ ជនសង្ស័យបានរត់ទៅលាក់ខ្លួននៅផ្ទះប្រពន្ធដើម ដែលស្ថិតនៅឃុំសរសរស្តម ស្រុកពួក ខេត្តសៀមរាប ហើយក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។