ចាំមើលថាតើនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតលើឈ្មោះ គង់ ភាសិត និងបក្ខពួកដែលបន្លំជាសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញចុះទៅឆែកឃ្លាំងទំនិញជំរិតទារលុយពីពាណិជ្ជករតាមការបង្គាប់របស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញដែរ ឬ អត់ ?
មានករណីបែកធ្លាយនូវរឿងអាស្រូវនៃការប្រព្រឹត្តអំពើមិនប្រក្រតីរបស់ក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមួយក្រុម ដែលមានឈ្មោះ គង់ ភាសិត និងបក្ខពួកកំពុងត្រូវបានពាណិជ្ជករម្នាក់ដាក់ពា្យបណ្តឹងប្តឹងចូលទៅស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញអោយជួយរកយុត្តិធម៌អោយដល់ដើមបណ្តឹងជាម្ចាស់ឃ្លាំងទំនិញ។
យោងតាមប្រភពព័ត៌មាន ពីមន្ត្រីតុលាការនៅសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យចូលគំរាម ជំរិតទារប្រាក់ដល់ក្រុមហ៊ុន ដោយអយុត្តិធម៌នោះ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក កែវ សុធា ព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដិកាបង្គាប់អោយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបើកការសុើបអង្កេតជាបន្ទាន់។
ដិកាបង្គាប់អោយស៊ើបអង្កេតលេខ៨៨៨ អ.យ.ក ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ បានបង្គាប់អោយប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើឈ្មោះ គង់ភាសិត និងបក្ខពួកពាក់ព័ន្ធនឹងបទល្មើសរំលោភលំនៅដ្ឋានដោយមានស្ថានទម្ងន់ទោស( ប្រព្រឹត្តដោយអ្នករាជការសាធារណៈ) បទក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយកយោងតាមមាត្រា២៩៩.មាត្រា៣០ មាត្រា ៣៦៣.មាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ ។ ព្រះរាជអាជ្ញានៃអយ្យការសាលា ដំបូងរាជធានីភ្នំពេញ បានបង្គាប់អោយប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ នឹងត្រូវបញ្ជូនលទ្ធផលទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញអោយបានឆាប់រហ័ស។
សូមជំរាបជូនថា លោកស្រី ហុឹម សុភ័ក្រ អគ្គនាយិការក្រុមហ៊ុនគ្រួសារកក់ក្តៅបានដាក់ពាក្យបណ្តឹងចូលស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញដើម្បីជួយរកយុត្តិធម៌ បន្ទាប់ពីមានក្រុមជនសង្ស័យមួយក្រុមបន្លំខ្លួនជាសមត្ថកិច្ចចូលអុកឡុកក្នុងឃ្លាំងទំនិញរបស់លោកស្រីនៅក្នុងខណ្ឌសែនសុខ និងសំឡុតទារប្រាក់ពីលោកស្រី។
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី ហុឹម សុភ័ក្រ បានប្តឹងឈ្មោះ គង់ ភាសិត និងបក្ខពួក ដែលមានអស័យដ្ឋានផ្ទះលេខ៧១អា ផ្លូវលេខ ១៩២សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទរំលោភលំនៅដ្ឋានដោយមានស្ថានទម្ងន់ទោស បទក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយក ។ ដើមបណ្តឹងបានបញ្ជាក់ថា: កាលពីវេលាម៉ោងប្រហែល ៨ ព្រឹក ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ គង់ ភាសិត និង បក្ខពួក បានបើរថយន្តម៉ាកឡង់គ្រឹស័រ ព៌ណស កាម៉ែ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5688 ចុះទៅឃ្លាំងរបស់លោកស្រី ហុឹម សុភ័ក្រ ដោយអះអាងថាពួកគេជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសំរុកចូលក្នុងឃ្លាំង រួចបិទទ្វារ និងឆែកឆេរឃ្លាំង។
ឈ្មោះ គង់ ភាសិត និងបក្ខពួកបានបង្ខំអោយបុគ្គលិកក្រុមហ៊ុនទាំងអស់ចេញពីឃ្លាំង និងទាក់ទងទៅលោកស្រី ហុឹម សុភ័ក្រ មកចចារ បង់លុយសម្រួលបញ្ចប់រឿងបើមិនដូច្នេះទេពួកគេ ( គង់ ភាសិត និងបក្ខពួក ) និងសុំអោយព្រះរាជអាជ្ញាចាប់ខ្លួនទាំង អស់នៅក្នុងឃ្លាំង ។ ក្រុមជនសង្ស័យ ត្រូវគេស្គាល់ថា មានបុរសម្នាក់ឈ្មោះ ពិត បញ្ញា ពាក់អាវយឺតព៌ណក្រហមដែលជាអ្នកដឹកនាំកម្លាំងសំរុកចូលក្នុងឃ្លាំងទំនិញ លោកស្រី ហុឹម សុភ័ក្រ រួចទាញទ្វារឃ្លាំងបិទ និងបញ្ជាអោយបុគ្គលិកក្រុមហ៊ុនហៅទូរស័ព្ទទៅលោកស្រី ហុឹម សុភ័ក្រ អោយមកចចារបង់លុយអោយពួកគេ ដើម្បីបញ្ចប់រឿង។
លោកស្រី ហុឹម សុភ័ក្រ បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា: ក្រុមហ៊ុនលោក ស្រីត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងសិប្បកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទើបអាចបើកអាជីវកម្ម ថែមទាំងរកសុីបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ប៉ុន្តែក្រុមមន្ត្រីជំនាញមួយចំនួនតែងតែធ្ចើសុីក្រុម ហ៊ុនរបស់លោកស្រីដែលជាក្រុមហ៊ុនក្នុងស្រុក ហាក់បីដូចជាចង់បំផ្លាញក្រុមហ៊ុនលោកស្រី អោយរលាយតែម្តង ។
សូមបញ្ជាក់ថា ដើម្បីជំរុញអោយប្រជាពលរដ្ឋបង្កើតមុខរបររកសុី រាជរដ្ឋាភុបាលកម្ពុជា បានបង្កើតគោលនយោបាយលើក កម្ពស់ សហគ្រាសធុនតូច និងមធ្យម សំដៅបង្កើតការងារជូនពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិ តាមរយ: ការបង់ពន្ធរបស់សហគ្រិន ។ ក្នុងគោលបំណងធ្វើកំណែទម្រង់សុីជម្រៅ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវអភិក្រមចំនួន ៥ ចំណុច រួមមាន: ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់ ដើម្បីកែប្រែទម្លាប់មន្ត្រីគ្រប់លំដាប់ថ្នាក់អោយបញ្ឈប់រាល់អំពើល្មើសច្បាប់ គាបសង្កត់ប្រជាពលរដ្ឋ និង សហគ្រិនដោយខុសច្បាប់តទៅទៀត។
ជុំវិញបណ្តឹងចោទប្រកាន់របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ របស់លោកស្រី ហុឹម សុភ័ក្រ ខាងលើនេះ ការិយាល័យនិពន្ធគេហទំព័រ មាតុភូមិ មិនអាចស្វែងរកការបំភ្លឺពីឈ្មោះ គង់ ភាសិត បានទេព្រោះពុំមានលេខទូរស័ព្ទ ។ ដោយឡែកលោកឧត្តមសេនីយត្រី ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងតាមទូរស័ព្ទកាលពីព្រលប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ថា: ករណីនេះពុំមែនជាការពិតដូចការចោទប្រកាន់របស់ក្រុមហ៊ុននោះទេ ហើយម្យ៉ាងទៀត រូបលោកផ្ទាល់ក៏ពុំមានវត្តមាននៅក្នុងករណីនោះដែរ លោកឋិតនៅឯខេត្តសៀមរាបឯណោះទេ សូមផ្ទៀងផ្ទាត់មើលអោយច្បាស់លាស់ថា តើរូបបុរសពាក់អាវយឺតព៌ណក្រហមនោះជារូបខ្ញុំ ( ពិត បញ្ញា ) ឬក៏អ្នកផ្សេង ?
លោក ពិត បញ្ញា បញ្ជាក់ថា ករណីនេះអាចជារឿងកាច់កុងគ្នា ។ ប៉ុន្តែទោះជាបែបណាសមត្ថកិច្ចខាងលោកនឹងធ្វើការស្រាវជ្រាវដើម្បីបង្រ្កាបអោយបានចំពោះករណីក្រុមហ៊ុនគ្រួសារកក់ក្តៅនេះ ព្រោះក្រុមហ៊ុននេះ ជាប់សង្ស័យពីការនាំចូល និងផលិតផលក្លែងក្លែង ឡេលាបសាច់និងឥវ៉ាន់មិនប្រក្រតីមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។