ដំរីមួយក្បាលត្រូវគេសម្លាប់នៅខេត្តមណ្ឌលគិរី មន្រ្តីបរិស្ថានថា ជាការស្លាប់យកភ្លុក
សត្វដំរីព្រៃមួយក្បាលត្រូវបានគេប្រទះឃើញងាប់នៅក្នុងចំការរបស់អ្នកស្រុក នៅក្នុងឃុំស្រែខ្ទម្ព ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមន្រ្តីបរិស្ថានថា ការសម្លាប់នោះ គឺដោយសារព្រានយកភ្លុក។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រោយពីធ្វើការក្រឡាប់ និងពិនិត្យទៅលើដងខ្លួនសត្វដំរីដែលបានងាប់នោះ គឺមានស្លាកស្នាមប្រវែងមួយចំអាមនៅក្រោមភ្នែក ពោលគឺមានធ្លុះចូលទៅក្នុង ដែលក្រុមអ្នកជំនាញសន្និដ្ឋានថា នេះគឺជាការបាញ់សម្លាប់សត្វដំរីដើម្បីយកភ្លុក ហើយដំរីដែលត្រូវបាញ់សម្លាប់ គឺជាដំរីឈ្មោល ហើយសត្វដំរីនេះមានវ័យចំណាស់។
លោក នេត្រ ភក្ត្រា បានបន្តថា ចំពោះសត្វដំរីដែលងាប់ និងយកទៅកប់នៅកន្លែងសុវត្ថិភាពមួយ ដើម្បីរក្សាគ្រោងឆ្អឹង យកទៅរក្សាទុក ធ្វើការស្រាវជ្រាវជាបន្តទៀត សម្រាប់ការសិក្សាស្រាវជ្រាវជាផលប្រយោជន៍បែបវិទ្យាសាស្ត្រ។ ហើយចំពោះករណីដំរីងាប់នេះ គឺសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខអ្នកដែលបាញ់សម្លាប់សត្វដំរីយកភ្លុក។
ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានធ្វើការថ្កោលទោស ជនដែលបានបាញ់សម្លាប់សត្វដំរីយកភ្លុក ហើយខាងសមត្ថកិច្ចជំនាញកំពុងធ្វើការបន្តនីតិវិធី ដើម្បីស្រាវជ្រាវរកអ្នកដែលបាញ់សត្វដំរីយកមកផ្តន្ទាទោស និងសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមនិងការពារអភិរក្សធនធានធម្មជាតិ ការពារសត្វព្រៃ។
គួរបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជាគឺតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញមានសត្វដំរីប្រមាណជាជាង ៥០០ ក្បាល ដែលកំពុងរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។