សម្តេច ហ៊ុន សែន ស្នើក្រសួងពីររៀបចំច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ
ស្របពេលដែល បញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ជាបញ្ហាសំខាន់មួយ របស់ប្រជាជន និងភ្ញៀវទេសចរ នាពេលបច្ចុប្បន្ន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ បានណែនាំឲ្យ ក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សិក្សារៀបចំ ច្បាប់ស្តីពីសណ្ឋាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង។ ព្រមជាមួយគ្នានោះ សម្តេចតេជោ ក៏បានណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំទីក្រុងរបស់ខ្លួន ឲ្យមានសណ្តាប់ធ្នាប់ និងចំណតយានយន្តឲ្យបានល្អ ដើម្បីសម្រួលដល់ការធ្វើដំណើរ។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានលើកទឹកចិត្ត ឲ្យធ្វើយុទ្ធនាការទីក្រុងស្អាត : ទីក្រុងដែលមានសុវត្ថិភាព ចំណីអាហារ និងបានប្រកាសដាក់ឲ្យ អនុវត្តស្តង់ដារ វិថីម្ហបអាហារ ដែលជាសូចនាករថ្មីមួយទៀត ក្នុងស្តង់ដារទីក្រុងស្អាតផងដែរ។
ការលើកឡើងនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានថ្លែងក្នុងឱកាស ពិធីអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ» អមជាមួយពិធីប្រគល់ជ័យលាភី រង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី៣ និងជ័យលាភី ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ និងជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី១។
គួរជម្រាបថា បច្ចុប្បន្ន កំណើនប្រជាសាស្ត្រ និងកំណើនភ្ញៀវទេសចរ នៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់។ កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយរបស់ពិភពលោក ហើយរាជរដ្ឋាភិបាល បានចាត់ទុក ទេសចរណ៍ គឺជាមាស បៃតង។ ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិ សរុប ចំនួន៦,២លាននាក់ កើនឡើង១១,៥% មកពី១១០ ប្រទេស ជុំវិញពិភពលោក។ នៅ ឆ្នាំ ២០១៩ កម្ពុជារំពឹង ថានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦,៨ លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២០ ការមកដល់ភ្ញៀវទេសចរអន្តរជាតិ អាចកើនឡើងដល់៧,៥លាននាក់ និង១៥លាននាក់ នៅឆ្នាំ២០៣០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។