ផ្ទុះរឿងល្បីពេញបណ្តាញសង្គម ស្នងការរងនគរបាលខេត្តកណ្តាល ឲ្យថ្លៃទឹកដោះទៅខាងកូនក្រមុំចំនួន ១០មុឺនដុល្លារ និងឡានឡិចសុីស៥៧០មួយគ្រឿងទៀត
ឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល កំពុងធ្វើឲ្យមហាជនងើយឆ្ងល់ ក្នុងបណ្តាញសង្គម គ្រាន់តែដណ្តឹងប្រពន្ធរៀបការ ឲ្យថ្លៃទឹកដោះទៅខាងកូនក្រមុំនូវទឹកប្រាក់ចំនួន ១០មុឺនដុល្លារ និងឡានឡិចសុីស៥៧០ មួយគ្រឿងទៀត។
ភាពសំញែងនៃទ្រព្យសម្បត្តិស្តុកស្តមធ្វើលោកស្នងការរងខេត្តកណ្តាលល្បីពេញប្រទេស នៃគូជីវិតទី៤ ដោយចំណាយលុយរាប់មឺុនដុល្លារ និងឡានទំនើប ធ្វើមហាជនឆ្ងល់ថាប្រាក់ខែបៀវត្សរបស់រដ្ឋខ្ទង់ជាង១លានរៀលប៉ុណ្ណោះ?
ករណីនេះ ក៏ក្លាយទៅជាកក្រើកផងដែរ មានអ្នកសសើរផង មានអ្នករិៈគន់ផង ដោយគេលើកឡើងរបៀបសង្ស័យថា លោកស្នងការរងខេត្តកណ្តាល កន្លងទៅបានជាប់ព័ន្ធនិងមុខរបរមិនប្រក្រតី លើអាជីវកម្មបើកផ្ទះសំណាក់ បានជួលឲ្យក្រុមប្រើប្រាស់ និងក្រុមជួញដូរគ្រឿងញៀនស្នាក់នៅ ជាអំពើខុសឆ្គងនិងផ្លូវច្បាប់ ប៉ុន្តែគាត់នៅតែមានតួនាទីបុណ្យស័ក្តិ ឈានដល់ប្រកបមុខរបរនេះជោគជ័យ។ ដូច្នេះត្រឹមភ្ជាប់ពាក្យឲ្យថ្លៃទឹកដោះ ១០មុឺនដុល្លារ និងឡានឡិចសុីស៥៧០ មួយគ្រឿង ដល់ខាងកូនក្រមុំ មិនជាបញ្ហាអីត្រូវចោទទេ។
ចំនួនទឹកប្រាក់ដ៏ច្រើននេះបានក្លាយជាការភ្ញាក់ផ្អើលដល់មហាជន ខណៈអ្នកឯទៀតអាចផ្តល់លើសពីនេះក៏មាន គ្រាន់តែគេមិនបង្ហាញអួតអាងចេញជាសាធារណៈ។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល គាត់មិនលាក់លៀមរឿងនេះទើប កើតចេញនូវមតិសសើ មតិរិៈគន់ទន្ទឹមគ្នា ជាមួយនិងការបង្ហោះពីករណីភ្ជាប់ពាក្យគាត់ឲ្យថ្លៃទឹកដោះ ១០មុឺនដុល្លារ និងឡានឡិចសុីស៥៧០ មួយគ្រឿង ដល់ខាងកូនក្រមុំ ល្បីព្រោងព្រាត រំលែកចែកតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក។
ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ជាមួយកញ្ញាស្រស់សោភាក្មេងខ្ចីនេះ បានធ្វើឡើងនៅផ្សារអ្នកលឿង (ត្រើយខាងកើត) ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានធ្វើឲ្យមហាជន និងអ្នកជិតខាងលាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាថា លោកស្នងការរងអីក៏មានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ និងរកសុីអី ឬក៏មានកេរ្តិ៍អាករ ពីសាច់ញាតិក្រុមគ្រួសារជាសាច់ឈាមអភិជន.?
ពាក់ព័ន្ធមហាជនរិះគន់ខាងលើ យើងមិនអាចទាក់ទងសុំការពន្យល់ពី លោក ស្រេង សុខា ស្នងការរងខេត្តកណ្តាល បានទេនៅព្រឹកថ្ងៃទី២៥ ខែកុម្ភះនេះ៕ យឺត ភារ៉ា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។