កម្ពុជាព្រួយបារម្ភចំពោះភាពតានតឹងជាថ្មីរវាងប៉ាគីស្ថាន និងឥណ្ឌា ហើយស្នើប្រទេសទាំងពីររក្សាការអត់ធ្មត់
ក្រោយពីមានភាពតានតឹងដាក់គ្នារវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រហូតដល់មានការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ប្រទេសឥណ្ឌាផងនោះ នៅថ្ងៃម្សិលមិញ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើឲ្យប្រទេសជាមិត្តកម្ពុជាទាំងពីរនេះ រក្សាការអត់ធ្មត់ខ្ពស់បំផុត ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធបន្តថែមទៀត។
ក្រសួងការបរទេសកម្ពុជា បានបង្ហាញជំនឿថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌា អាចធ្វើការចរចាគ្នាដើម្បីកាត់បន្ថយភាពតានតឹងនាពេលបច្ចុប្បន្ន និងស្វែងរកដំណោះស្រាយទំនាស់តាមមធ្យោបាយសន្តិវិធី។
គួរបញ្ជាក់ថា ការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន កើតចេញពីក្រុមឧទ្ទាមវាយប្រហារទៅលើក្បួនរថយន្តដឹកទាហានឥណ្ឌាបណ្តាលឲ្យទាហានជាង៤០នាក់ស្លាប់ ។ ឥណ្ឌាក៏បានចោទប្រកាន់ថា ក្រុមភេរវកម្មដែលវាយប្រហារនោះលាក់ខ្លួនក្នុងប្រទេសប៉ាគីស្ថាន។
ហេតុផលនេះហើយ ធ្វើឲ្យឥណ្ឌាបានបើកការវាយប្រហារទៅលើ ទីតាំងក្រុមឧទ្ទាមនៅក្នុងទឹកដីប៉ាគីស្ថាន ដោយគ្មានការអនុញ្ញាត្តិ។ ជាមួយគ្នានេះ ប៉ាគីស្ថានក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាពីរគ្រឿងផងដែរ ។ ចំណែកឥណ្ឌាវិញ បាញ់ទម្លាក់យន្តហោះចម្បាំង១គ្រឿងដែរ ជាការសងសឹក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។