តូចចិត្តត្រូវគេបញ្ឈប់ពីការងារ សន្តិសុខមន្ទីរពេទ្យកាល់ម៉ែតម្នាក់ចងកសម្លាប់ខ្លួននៅលើកង់បី
បុគ្គលិកសន្តិសុខរបស់មន្ទីរពេទ្យកាល់ម៉ែតម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងម៉ូតូកង់បីឥណ្ឌាដែលចតនៅជាប់របងខាងក្រៅក្បែរអគារបេះបូងស្ថិតខាងត្បូងស្ថានទូតបារាំងបង្កជាការភ្ញាក់ផ្អើកកាលពីព្រឹកព្រលឹមថ្ងៃទី០១ មីនា នេះ នៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ជាប់ចំណងត្រង់កលានអណ្តាតនៅក្នុងម៉ូតូកង់បីឥណ្ឌានោះឈ្មោះ ឃឹម សុខា ហៅ ហ៊ុយភេទប្រុស អាយុប្រហែល៤០ឆ្នាំមានមុខរបរជាសន្តិសុខរបស់មន្ទីរពេទ្យកាល់ម៉ែត មានរហ័សនាម(Z ៦៤) ស្នាក់នៅផ្ទះជួលក្បែរខាងក្រោយអគារប៉ាស្ទ័រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះជនរងគ្រោះដែលជាសន្តិសុខរបស់មន្ទីរពេទ្យកាល់ម៉ែតរូបនោះ ត្រូវបានខាងមន្ទីរពេទ្យបានបញ្ឈប់ពីការងារដោយមានកំហុសផ្ទាល់ខ្លួនពីបញ្ហាអ្វីមួយដែលជនរងគ្រោះប្រព្រឹត្តិខុសតិចតួចដោយខ្លួនឯង ហើយត្រូវខាងថ្នាក់លើបានសម្រេចបញ្ឈប់ពីការងារនៅខាងក្នុងមន្ទីរពេទ្យដោយឲ្យមកយាមមើលការខុសត្រូវខាងក្រៅរបងមន្ទីរពេទ្យវិញ។
ប្រភពព័ត៌មានបានបន្តទៀតថា ទន្ទឹមនឹងថ្នាក់លើរបស់មន្ទីរពេទ្យសម្រេចផ្អាកការងាររបស់សន្តិសុខរូបនោះ គាត់ក៏បានត្អូញត្បែរថា ចាប់ពីថ្ងៃនេះទៅគាត់នឹងបាត់បង់នូវអ្វីៗទាំងអស់ជាពិសេសចំណូលដែលរកបានបន្តិបន្តួចប្រចាំថ្ងៃដែលដោះបំណុលគេនោះ គឺត្រូវចប់តែម្តង។ ចឹងជនរងគ្រោះក៏ត្អូញទៀតថា ទៅមុខទៀតមានតែគាត់ស្លាប់ទេ ព្រោះអ្វីៗត្រូវបានចប់អស់ហើយនោះ។
បន្ទាប់ពីត្រូវខាងមន្ទីរពេទ្យផ្អាក់ការងាររបស់សន្តិសុខរូបនោះហើយ គាត់(ជនរងគ្រោះ) បានជួលម៉ូតូកង់បីឥណ្ឌាគេរត់ដោយ ឆ្លៀតពីពេលទំនេដែលយាមនៅខាងក្រៅរបងមន្ទីរពេទ្យ។ នៅយប់ថ្ងៃទី២៨ ខែកុម្ ជនរងគ្រោះបានស្លៀកពាក់សម្លៀកបំពាក់ជាសន្តិសុខរបស់មន្ទីរពេទ្យកាល់ម៉ែតដដែល ស្រាប់តែនៅព្រលឹមស្រាងៗខណៈដែលសន្តិសុខផ្សេងទៀតក្រោកពីដេកដើម្បីរៀបចំបោសសំអាតសំរាម ក៏ឃើញម៉ូតូកង់បីនោះមិនចេញទៅណាហើយម្យ៉ាងវិញទៀតម៉ូតូកង់បីឥណ្ឌានោះមានបិទវ៉ាំងននជិតទាំងសងខាងផង ក៏ដើរទៅមើលស្រាប់តែភ្ញាក់ព្រើតពេលដែលឃើញជនរងគ្រោះដែលជាសន្តិសុខរូបនោះបានស្លាប់បាត់ដោយមានខ្សែចំណងចងភ្ជាប់កជាមួយនឹងដំបូលម៉ូតូកង់បីឥណ្ឌានោះ។
ប្រភព័ត៌មានបានបន្តទៀតថាបន្ទាប់ពីមានហេតុការណ៍ដូច្នេះ គេឃើញប្រពន្ធនិងកូនៗរបស់ជនរងគ្រោះមកដល់នាំគ្នាស្រែកយំសោកបោកខ្លួនមិនគួរលោកឪពុកនឹងប្តីជាស្រឡាញ់របស់ខ្លួនមិនគួរណាគិតខ្លីបែបនេះឡើយ ហើយប្រពន្ធរបស់ជនរងគ្រោះយំៗទាល់តែសន្លប់ហើយក៏ត្រូវបានគេនាំគ្រៀកបញ្ជូនទៅពេទ្យដើម្បីសង្រ្គោះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។