សម្តេច ហ៊ុន សែន ស្នើប្រទេសសិង្ហបុរីឲ្យជួយកម្ពុជាក្នុងការគ្រប់គ្រងច្បាប់ និងបណ្ដាញព័ត៌មាន
ក្នុងពេលអនុញ្ញាតឲ្យលោក Hoong Wee Teck អគ្គស្នងការនគរបាលជាតិសិង្ហបុរី ចូលជួបសម្តែងការគួរសមកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឲ្យសិង្ហបុរីជួយដល់នគរបាលជាតិកម្ពុជាក្នុងការគ្រប់គ្រងច្បាប់ និងបណ្តាញព័ត៌មាន។
យោងតាម លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សិង្ហបុរីគឺមានបទពិសោធន៍ និងមានព័ត៌មានជាច្រើនពាក់ព័ន្ធ និងតំបន់ និងជុំវិញប្រទេសផង។ ក្នុងន័យនេះសម្ដេចលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងទ្វេភាគី និងពហុភាគី ដើម្បីធ្វើយ៉ាងណាផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍គ្នាទៅវិញទៅមក។
សម្ដេចបន្តថា ភេរវកម្ម និងឧក្រិដ្ឋកម្មផ្សេងៗ គឺរៀបចំឡើងមានបណ្ដាញ និងជាប្រព័ន្ធ ក្នុងន័យនេះគប្បីណារួមសហការគ្នា ដើម្បីទប់ស្កាត់ចៀសវាងកុំឲ្យមានគ្រោះថ្នាក់ ឬក៏ជាពិសេសអំពីសកម្មភាពរបស់ភេរវករ។
សម្ដេចថា សិង្ហបុរីជាប្រទេសមួយ ដែលជាកន្លែងអប់រំ និងហ្វឹកហាត់បានល្អ ក្នុងន័យនេះសម្ដេចស្នើសុំឲ្យសិង្ហបុរីចែករំលែកនូវបទពិសោធន៍ទៅលើបញ្ហាបង្ហាត់បង្រៀន និងការគ្រប់គ្រងនិងច្បាប់បណ្ដាញព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។