ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ ​ពាក់កណ្តាល​ខែមីនា​នេះ​

​លោក​ ​មូន​ ​ចេ​អ៊ិ​ន​ ​ប្រធានាធិបតី​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​គ្រោង​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី១៤​ ​ដល់​ថ្ងៃទី១៦​ ​ខែមីនា​ ​ឆ្នាំ២០១៩ខាងមុខ​ ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ ​ព្រះបាទ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​កម្ពុជា​ឲ្យដឹង​ថា​ ​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ ​លោក​ ​មូន​ ​ចេ​អ៊ិ​ន​ ​នឹង​ចូល​គាល់​ព្រះករុណា​ ​ព្រះបាទ​ ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នៅ​ព្រះបរមរាជវាំង​ ​ហើយនិង​ជួប​ជាមួយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​។​

​លោក​ប្រធានាធិបតី​ ​មូន​ ​ចេ​អ៊ិ​ន​ ​និង​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នឹង​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ ​និង​ការពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​នានា​បន្ថែម​ទៀត​ ​ហើយក៏​ផ្លាស់​ប្តូរ​យោបល់​គ្នា​ផង​ដែរ​លើ​បញ្ហា​តំបន់​ ​និង​អន្តរជាតិ​ដែល​ជា​កង្វល់​ ​និង​ផលប្រយោជន៍​រួម​។​ ​​បន្ទាប់ពី​បញ្ចប់​ជំនួប​ ​ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយចំនួន​ ​និង​ធ្វើ​សេ​ចកី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

​លោក​ប្រធានាធិបតី​ ​មូន​ ​ចេ​អ៊ិ​ន​ ​និង​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ក៏​រំពឹង​ថា​ ​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​ ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង​ ​រវាង​ប្រទេស​ទាំងពីរ​។​

​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​ ​របស់​លោក​ប្រធានាធិបតី​ ​មូន​ ​ចេ​អ៊ី​ន​ ​គឺជា​ព្រឹ​តិ្ត​ការណ៍​ ​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ ​ដែល​នឹង​ពង្រឹង​មិត្តភាព​ ​ហើយនឹង​ធ្វើឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ​ ​និង​ស៊ីជម្រៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close