សំណង់​អគារ​ចាស់​ស្ថិតនៅ​កាច់ជ្រុង​ផ្លូវ​ព្រះមុនីវង្ស​ ​និង​ផ្លូវ​កម្ពុជាក្រោម​អាច​ប្រឈម​នឹង​ការ​រលំ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ចេញ​នូវ​សេចក្តី​ជូនដំណឹង​មួយ​ ​ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ចាស់​ទ្រុឌទ្រោម​ ​នៃ​អគារ​សហកម្មសិទ្ធិ​ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស​ ​និង​មហាវិថី​កម្ពុជាក្រោម​ ​ទល់មុខ​អគារ​ពាណិជ្ជកម្ម​ផ្សារ​ទំនើប​ ​BS​ ​ក្នុង​ខណ្ឌ៧មករា​ ​ដែល​អាច​ប្រឈម​នឹង​ការ​បាក់​រលំ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ដោយ​យោង​ទៅលើ​លិខិតបញ្ជាក់​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​ឲ្យដឹង​ថា​ ​សំណង់​អគារ​នេះ​ ​គឺ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​គួរឲ្យ​ព្រួយបារម្ភ​ ​ដោយសារតែ​សំណង់​នេះ​ខ្វះ​ការថែទាំ​ជួសជុល​ឲ្យបាន​ត្រឹមត្រូវ​អស់​រយៈពេល​ជា​យូរឆ្នាំមកហើយ​ ​ជាហេតុ​ធ្វើឲ្យ​អគារ​ទាំងមូល​ទទួលរង​នូវ​ការខូចខាត​ប្រះ​ស្រាំ​ជាច្រើន​កន្លែង​ ​ជាពិសេស​គ្រឿង​បង្គុំ​សំណង់​មាន​សភាព​ពុក​ផុយ​ខូច​អស់​ប្រមាណ៥០ភាគរយ​ទៅ​ហើយ​ ​ដោយ​វា​អាច​បណ្តាល​ឲ្យ​រលំ​បាក់​ស្រុត​នៅពេល​ណាមួយ​។​

​ជា​វិធានការ​ដើម្បី​បង្ការ​ ​និង​ទប់ស្កាត់​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ស្នាក់នៅ​លើ​អគារ​នេះ​ ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ដោយ​មិន​ត្រូវ​ផ្ទុក​សម្ភារៈ​ធ្ងន់​លើស​ទម្ងន់​ទេ​។​ ​ជាមួយគ្នា​បងប្អូន​ប្រជាពលរដ្ឋ​ស្នាក់នៅ​ផ្ទះ​ដែល​មាន​សភាព​ប្រេះស្រាំ​ ​ខូចខាត​ខ្លាំង​ ​ត្រូវ​ស្វែងរក​ក្រុមហ៊ុន​ ​ឬ​វិស្វករ​ដែល​មាន​ជំនាញ​ច្បាស់លាស់​ ​ដើម្បី​ធ្វើការ​ថែទាំ​ជួសជុល​ជាបន្ទាន់​។​

​ក្នុងករណី​ដែល​ផ្ទះ​របស់​បងប្អូន​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​មិន​អាច​ជួសជុល​បាន​ ​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ទៅ​លំនៅ​ដ្ឋាន​ថ្មី​ដែល​មាន​សុវត្ថិភាព​ឲ្យបាន​ឆាប់រហ័ស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close