កម្ពុជា​ ​និង​ឡាវ​ ​ត្រៀម​បើក​ច្រកព្រំដែន​ទ្វេភាគី​បន្ថែម​ទៀត​

កម្ពុជា​ ​និង​ឡាវ​ ​កំពុង​ពិនិត្យ​លទ្ធភាព​បង្កើត​ច្រកព្រំដែន​បន្ថែម​ទៀត​ ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​ការ​ធ្វើដំណើរ​រវាង​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​ ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​។​

​ការ​បញ្ជាក់​ជំហរ​ខាងលើ​នេះ​គឺ​ធ្វើឡើង​បន្ទាប់ពី​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​កម្ពុជា​ ​និង​ឯកឧត្តម​ ​ឧត្តមសេនីយ៍ឯក​ ​Vilay​ ​Lakhamephong​ ​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឡាវ​ ​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ឆ្នាំ២០១៩​ ​រវាង​ក្រសួង​ទាំងពីរ​ ​កាលពី​ព្រឹក​ថ្ងៃទី០៥​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​ទី​ស្តី​ការក្រ​សួង​មហាផ្ទៃ​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នេះ​ ​លោក​ ​ផាត​ ​សុ​ផា​និ​ត​ ​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងមហាផ្ទៃ​ ​បាន​បញ្ជាក់​ថា​ ​ការពិនិត្យ​លទ្ធភាព​បើក​ច្រក​អន្តរជាតិ​បន្ថែម​រវាង​ប្រទេស​ទាំងពីរ​នេះ​ ​គឺ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ ​ដែល​ជា​ទិសដៅ​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិ​ការដែល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​។​

​លោក​បន្ដ​ថា​ ​ភាគី​ទាំងពីរ​ ​ប្រកាស​រួមគ្នា​ក្នុង​ការ​បង្ការ​ ​បង្រ្កាប​ ​និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ ​ដោយ​ ​ភាគី​ទាំងពីរ​ ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ ​មិន​ឲ្យ​បញ្ហា​នេះ​មក​គ្រប​ដណ្តប់​លើ​ប្រជាជន​ ​នៃ​ប្រទេស​ទាំងពីរ​ឡើយ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​ភាគី​ទាំងពីរ​ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​អាជ្ញាធរ​ ​នៅ​តាម​បន្ទាត់​ព្រំដែន​បន្ត​រក្សា​កិច្ច​សហប្រតិបត្តិ​ការ​ឱ្យ​ល្អ​ប្រសើរ​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ ​ក្នុង​ការ​ធ្វើដំណើរ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​បច្ចុប្បន្ន​ ​ប្រទេស​កម្ពុជា​ ​និង​ឡាវ​មាន​ច្រកព្រំដែន​ ​រួមគ្នា​តែមួយ​ប៉ុណ្ណោះ​ ​គឺ​ច្រក​ត្រពាំង​គ្រៀល​-​ណង​ណុង​ឃៀន​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close