ដើមខែមេសាខាងមុខនេះ អ្នកចង់ទៅហ្វីលីពីន មិនចាំបាច់ឆ្លងកាត់ព្រលានយន្តហោះថៃទៀតទេ
ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines របស់ប្រទេសហ្វីលីពីន បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជាជាលើកដំបូង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដោយមិនចាំបាច់ឆ្លងកាត់ព្រលានយន្តហោះនៅប្រទេសថៃទៀតទេ។
លោក Jaime Bautista ប្រធានក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បានឲ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្ដើមហោះហើរពីទីក្រុងម៉ានីល របស់ប្រទេសហ្វីលីពីន មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដោយមាន៥ជើងក្នុងសប្ដាហ៍រួមមាន៖ ថ្ងៃច័ន្ទ, អង្គារ, ព្រហស្បតិ៍, សុក្រ និងសៅរ៍។
លោករំពឹងថា ការចាប់ផ្ដើមឲ្យមានជើងហោះហើរត្រង់មកកម្ពុជានេះ ជាការរួមចំណែក ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំង២ ហើយក៏ដូចជាការនាំភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សេងៗមកលេងនៅកម្ពុជា និងពីកម្ពុជាទៅហ្វីលីពីនផងដែរ។
ប្រធានក្រុមហ៊ុនអាកាសចរណ៍រូបនេះក៏បានឲ្យដឹងដែរថា ការដែលលោកសម្រេចជ្រើសរើសយកប្រទេសកម្ពុជា គឺមកពីក្រុមហ៊ុនកត់សម្គាល់ និងទទួលស្គាល់ថា កម្ពុជាជាទីផ្សារទេសចរណ៍ដ៏ថ្លៃថ្លា ហើយរាជធានីភ្នំពេញជាមជ្ឈមណ្ឌលមួយ ដែលសេដ្ឋកិច្ចកំពុងរីកលូតលាស់ជាលំដាប់។ ហើយថា កិច្ចសហការវាងគ្នានឹងគ្នានេះ នឹងជួយពង្រឹងចំណងមិត្តភាពរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងហ្វីលីពីន-កម្ពុជាកាន់តែល្អប្រសើរ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ កម្ពុជាមានជើងហោះហើរត្រង់ទៅកាន់ប្រទេសមួយចំនួន លើសកលលោក រួមមាន ៖ វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា សង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ហុងកុង ចិន បារាំង ឥណ្ឌា។ល។ ជាមួយគ្នា កម្ពុជា ក៏គ្រោងបើកជើងហោះហើរត្រង់ទៅមកជាមួយប្រទេសតួរគី ទៀតផងនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។