សម្តេច​ ​ហ៊ុន​ ​សែន​ ​អញ្ជើញ​បិទ​សន្និបាត​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​។​ ​

​សន្និបាត​នេះ​មាន​រយៈពេល​ ​២ថ្ងៃ​កន្លងមក​ហើយ​ ​របស់ក្រ​សួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ដោយមាន​ការចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​ក្រសួង​ ​ក៏ដូចជា​ ​ឯកអគ្គ​រាជទូត​ ​តំណាង​អចិន្ត្រៃយ៍​ ​និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​។​ ​កម្ពុជា​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជា​មិត្ដ​ចំនួន​ ​១៧២​ ​ប្រទេស​ ​និង​មាន​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​សរុប​ចំនួន​ ​៦០​។​

​សន្និបាត​ប្រចាំឆ្នាំ​របស់ក្រ​សួង​ការបរទេស​នេះ​ ​គឺជា​កាលានុវត្ត​ភាព​សម្រាប់​អ្នកការទូត​កម្ពុជា​ ​ដើម្បី​ពង្រីក​ចំណេះដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​ ​ឧទ្ទេសនាម​ដោយ​វាគ្មិន​សំ​ខាន់​ៗ​ ​លើ​បញ្ហា​ជា​សារ​វ័ន្ត​ពាក់ព័ន្ធ​នឹង​ ​“​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​”​ ​“​ការជំរុញ​ការទូត​សេដ្ឋកិច្ច​ ​ទេសចរណ៍​ ​និង​វប្បធម៌​”​ ​និង​ ​“​ជំហរ​របស់​កម្ពុជា​ ​លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​”​ ​ដែល​នឹង​លើកកម្ពស់​បន្ថែម​ទៀត​ដល់​ចំណេះដឹង​ជាក់ស្តែង​ ​ធ្វើឲ្យ​ស៊ីជម្រៅ​កម្រិត​វិភាគ​ ​និង​ការយល់​ដឹង​ទូលំទូលាយ​ដល់​អ្នកការទូត​កម្ពុជា​ ​ក្នុង​ការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​

សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​សម្ដែង​នូវ​ក្តី​រីករាយ​ចំពោះ​ការ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​របស់ក្រ​សួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​នា​ពេលនេះ​ ​ដែល​ជា​ក្រសួង​មួយ​ដែល​សម្ដេច​ធ្លាប់​បម្រើការ​ងារ​ជា​តួនាទី​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា​ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ហើយ​សម្តេច​តែងតែបាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បូកសរុប​ការងារ​របស់ក្រ​សួង​ការបរទេស​ជាបន្តបន្ទាប់​។​ ​សម្តេច​តេជោ​ ​តែង​បាន​យក​ឱកាស​នេះ​ ​ដើម្បី​ផ្តល់​នូវ​បទពិសោធន៍​ ​និង​អនុសាសន៍​សំខាន់​ជូន​ដល់​មន្ត្រី​ការទូត​របស់​កម្ពុជា​។​ ​សម្តេច​ថ្លែង​បន្ត​ថា​កិច្ចការ​បរទេស​ ​គឺជា​រឿង​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុង​ការពង្រីក​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ទៅកាន់​ឆាក​អន្តរជាតិ​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គសន្និបាត​ដែល​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិ​ការអន្តរជាតិ​បាន​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​កន្លងមក​នេះ​ ​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ ​និង​ការ​អភិវឌ្ឍ​ទៅលើ​កិច្ច​សហប្រតិបត្តិ​ការ​សំ​ខាន់​ៗ​ជាមួយ​បណ្ដា​ប្រទេស​នានា​ ​ក្នុង​ការ​ពង្រឹង​ ​និង​កសាង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​ទទួល​បានផល​ប្រយោជន៍​រួម​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close