អាកាសចរណ៍ស៊ីវិលកំពុងធ្វើច្បាប់ស្តីពីការគ្រប់គ្រងដ្រូន
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានថ្លែងថា ពេលនេះស្ថាប័នជំនាញកំពុងតែធ្វើការសិក្សា រៀបចំច្បាប់ស្តីពីការគ្រប់គ្រងដ្រូន ខណៈបច្ចុប្បន្នកម្ពុជានៅមិនទាន់មានច្បាប់នេះនៅឡើយ ដោយត្រឹមតែមានបំរាមពីអាជ្ញាធរតែប៉ុណ្ណោះ។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលបានថ្លែងថា ការប្រើប្រាស់ដ្រូនជារឿងមួយថ្មីដែលកម្ពុជាត្រូវគិតគូររៀបចំច្បាប់ពីប្រទេសដទៃ ដើម្បីឈានទៅគ្រប់គ្រងឲ្យបានត្រឹមត្រូវបំផុត ប៉ុន្តែវាទាមទារពេលវេលាបន្តិច។
លោកថា ការគ្រប់គ្រងដ្រូនជាបញ្ហាស្មុគស្មាញបំផុតដែលត្រូវដកស្រង់បទពិសោធន៍ពីប្រទេសរីកចម្រើនមួយចំនួនដើម្បីគ្រប់គ្រងដ្រូនឲ្យបានហ្មត់ចត់បំផុតនៅថ្ងៃអនាគត។
យ៉ាងណាក៏ដោយ ក្នុងអំឡុងស្ថាប័នជំនាញកំពុងសិក្សា និងរៀបចំច្បាប់ស្តីពីការគ្រប់គ្រងដ្រូននេះ អាកាសចរណ៍ស៊ីវិលបានណែនាំបន្ថែមទៅអ្នកនាំចូល និងអ្នកប្រើប្រាស់ដ្រូន កុំឲ្យបង្ហោះនៅជុំវិញតំបន់ហាមឃាត់ ដូចជាព្រលានយន្តហោះ ជុំវិញព្រះបរមរាជវាំង គេហដ្ឋាននាយករដ្ឋមន្រ្តី និងតំបន់យោធា។
គួរបញ្ជាក់ដែរថា កន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ បានចេញបំរាម ដោយហាមឃាត់មិនឲ្យមានការបង្ហោះដ្រូននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនោះទេ ពិសេសតំបន់ឡើងចុះរបស់យន្តហោះ ព្រះបរមរាជវាំង ជាដើម ។ ហើយកន្លងមកនេះដែរ សមត្ថកិច្ចក៏ធ្លាប់ចាប់ឃាត់ខ្លួនអ្នកបង្ហោះដ្រូននៅតំបន់ហាមឃាត់ទាំងនោះផងដែរ តួយ៉ាងកាលពីថ្ងៃទី១០ ខែមីនា កន្លងទៅថ្មីៗនេះ សមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ដែលបានបង្ហោះដ្រូននៅម្តុំភូមិគ្រឹះសម្តេចនាយករដ្ឋមន្រ្តី ដែលជាតំបន់ហាមឃាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។