រោងចក្រគ្រឿងបន្សំសម្លៀកបំពាក់ និងរោងចក្រកាតុង គ្រោងនឹងបើកនៅខេត្តកណ្តាល និងខេត្តតាកែវ ក្នុងទុនវិនិយោគជិត១០លានដុល្លារ
យោងតាមបណ្តាញសង្គមហ្វេសបុករបស់ក្រុមប្រឹក្សាអភិវឌ្ឍនកម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ក្នុងការវិនិយោគលើគ្រឿងបន្សំសម្លៀកបំពាក់ នៅខេត្តកណ្តាល និងកេសកាតុងនៅខេត្តតាកែវ ក្នុងទំហំទឹកប្រាក់សរុបជិត១០លានដុល្លារអាមេរិក។
រោងចក្រទាំង២នោះរួមមាន៖ ១- “SIMON LABELS (CAMBODIA) BRANDINGS SOLUTIONS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩០កន្លែង។
២- “FU LI YUAN PACKAGING MATERIALS (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៣កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។