រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងចុះដោះស្រាយបញ្ហារំលាយសហគមន៍ផលិតអំបិលកំពត-កែប
នៅសប្តាហ៍ក្រោយនេះ រដ្ឋមន្រ្តីឧស្សាហកម្ម និងសិប្បកម្ម នឹងបើកកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងសហគមន៍ផលិតអំបិលនៅខេត្តកែប និងកំពត ដើម្បីដោះស្រាយបញ្ហារបស់សហគមន៍មួយនេះ ក្រោយបានប្រកាសថា នឹងត្រូវរំលាយនៅចុងខែមីនានេះ ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក អ៊ុំ សុតា្ថ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា ក្រសួងបានទទួលលិខិតពីសហគមន៍ផលិតអំបិលកំពត-កែបរួចហើយ អំពីការស្នើសុំរំលាយសហគមន៍នេះ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់នោះទេ ។
លោកបានអះអាងថា លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងបើកកិច្ចប្រជុំជាមួយមន្ដ្រីខេត្តទាំងពីរនេះ ដើម្បីពិនិត្យមើលបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ។
សូមបញ្ជាក់ថា សហគមន៍ផលិតអំបិលកំពត-កែប បានដំណើរការអស់រយៈពេល ១៥ ឆ្នាំមកហើយ ដែលមានស្រែអំបិលជាង ៤ ៦០០ ហិកតា នៅក្នុងខេត្តកំពត និងខេត្តកែប ដោយមានសមាជិកចំនួន ២០០ គ្រួសារ។ ការឈានដល់ការរំលាយសហគមន៍នេះ ត្រូវបានលោក អ៊ុំ ឈុន ប្រធានរដ្ឋបាលសហគមន៍អ្នកផលិតអំបិលកំពត-កែប ឲ្យដឹងថា គឺដោយសារតែកសិករផលិតអំបិលមួយចំនួន មិនចង់បន្តការផលិតអំបិលរបស់ខ្លួនជាបន្តទៅទៀត ។
លោក អ៊ុំ ឈុន ថា តាមលក្ខខណ្ឌសហគមន៍ ១អាណត្តិ មានរយៈពេល៥ឆ្នាំម្ដង ដើម្បីប្រជុំរើសប្រធានក្រុមប្រឹក្សាភិបាល និងការចុះកិច្ចសន្យាថ្មីជាមួយនឹងអ្នកផលិតអំបិល។ ប៉ុន្ដែ អាណត្តិទី៣នេះ គឺបានផុតតាំងពីខែកញ្ញា ឆ្នាំ២០១៨មកម្លេះ ដោយកាលនោះ ខាងសហគមន៍ បានធ្វើមហាសន្និបាត និងរៀបចំកិច្ចសន្យាថ្មី ដើម្បីបន្ដអាណត្តិ តែមានកសិករដែលជាអ្នកផលិតអំបិលប្រមាណតែ ៧០%ប៉ុណ្ណោះបានចូលរួម និងមាន៣០% ទៀត មិនចូលរួមបន្តការផលិតជាមួយសហគមន៍ទៀតនោះទេ។ ដូច្នេះហើយ ទើបក្រុមប្រឹក្សាភិបាលសហគមន៍ សម្រេចថា នឹងរំលាយសហគមន៍អ្នកផលិតអំបិលនេះ នៅត្រឹមដំណាច់ខែមីនា ឆ្នាំនេះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។