ករណីមន្រ្តីប៉ូលិសបាញ់សម្លាប់មនុស្សនៅស្រុកបាភ្នំ ឥឡូវចាប់បានសមត្ថកិច្ច២នាក់ហើយ ខណៈសម្តេច ស ខេង សន្យាស្វែងរកយុត្តិធម៌ជូនគ្រួសារសព

ករណីមន្រ្តីប៉ូលិស ដេញស្ទាក់បាញ់សម្លាប់បុរសម្នាក់ នៅស្រុកបាភ្នំ ដោយចោទថាចោរលួចឡាននោះ កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់២នាក់ហើយ ដោយសល់ម្នាក់កំពុងរត់គេចខ្លួន។
ជនសង្ស័យជាសមត្ថកិច្ចទាំងពីរនាក់ដែលត្រូវចាប់ខ្លួននោះ ទី១ឈ្មោះ ជា ឡាឌីន មេប៉ុស្តិ៍កំពង់សឹង ទី២ឈ្មោះ ជឹម វិន ជាមន្រ្តីនគរបាលប៉ុស្តិ៍កំពង់សឹង្ហ ត្រូវជាក្មួយលោកឧកញ៉ា ជឹម សុខ។ ដោយឡែកក្មាន់កាំភ្លើងម្នាក់ទៀតឈ្មោះ ជឹម រតនៈ តួនាទីជាប្រធានផ្នែក អន្តោរប្រវេសន៍ស្រុកព្រះស្ដេច និងត្រូវជាកូនប្រុសលោកឧកញ៉ា ជឹម សុខ បានរត់គេច។
ជាមួយគ្នានេះដែរ កាលពីយប់មិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានសរសេរសារនៅលើបណ្តាញសង្គម ដោយបានធ្វើការសន្យាថា សម្តេចនឹងជួយស្វែងរកយុត្តិធម៌ជូនដល់គ្រួសារសព ដែលត្រូវបានសមត្ថកិច្ចស្រុកបាភ្នំបាញ់ស្លាប់នោះ។
សូមបញ្ជាក់ថា ក្នុងករណីបាញ់សម្លាប់នេះ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ន រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នករួមដំណើរឈ្មោះ វ៉ាន ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសស្រាល។
សូមរម្លឹកថា កាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីសមត្ថកិច្ចស្ទាក់បាញ់សម្លាប់ជនរងគ្រោះ ព្រោះច្រឡំថា ជាចោរលួចរថយន្ត ទាំងដែលជនរងគ្រោះគ្មានអាវុធក្នុងដៃ។
តាមដំណើររឿង ជនរងគ្រោះបានទិញរថយន្តបង់លុយមិនទាន់គ្រប់ ហើយម្ចាស់ដើម បានយករថយន្តនោះ ទៅជួលឲ្យជនជាតិចិន ដែលធ្វើឲ្យអ្នកទិញខឹង បានស្កាត់ទៅយករថយន្តពីជនជាតិចិនទាំងទទឹងទិស រួចបើកគេចមកស្រុកកំណើត ។ ស្រាប់តែម្ចាស់ដើម ស្រាវជ្រាវតាម GPS ក៏ដេញពីក្រោយ និងបានប្ដឹងសមត្ថកិច្ច ដោយថាជាចោរ ទើបសមត្ថកិច្ច ស្ទាក់បាញ់សម្លាប់អ្នកទិញរថយន្តតែម្ដង ព្រោះស្មានថា ចោរលួចរថយន្តដូចពាក្យបណ្ដឹង។
បើតាមសេចក្តីរាយការណ៍វិញថា ក្រោយទទួលពាក្យបណ្តឹងផ្ទាល់មាត់ សមត្ថកិច្ចបានបើករថយន្តដេញតាម ពីក្រោយតាំងពីចំណុចស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ។ រថយន្តក៏បានបត់កាច់តាមផ្សារអ្នកលឿង ហើយបត់ស្តាំមកតាមផ្លូវជាតិលេខ១១ ឆ្ពោះទៅទីរួមខេត្តព្រៃវែង។
លុះមកដល់កន្លែងផ្លូវបត់កែងទៅផ្សារស្នេហ៍ ស្រុកបាភ្នំ រថយន្តនោះបានបើកបត់សំដៅទៅស្រុកបាភ្នំតែម្តង។ ខណៈសមត្ថកិច្ច ប៉េអឹមតាមពីក្រោយ រួចបោះដៃឲ្យ នគរបាលប៉ុស្តិ៍កំពង់សឹង ស្រុកព្រះស្ដេច ។ ដែលមានគ្នាបីបួននាក់ បើករថយន្តចេញមកស្ទាក់ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ដែលជាកន្លែងកើតហេតុ។
ពេលជនរងគ្រោះបានបើករថយន្តមិនព្រមឈប់ ទើបប៉ូលិសវ័យក្មេងឈ្មោះ ជឹម រតនៈ និងឈ្មោះ ជឹម វិន ដកកាំភ្លើងសម្រុកបាញ់ស្រោច មកលើជនរងគ្រោះដោយគ្មានប្រណីដៃ បើទោះបីជាជនរងគ្រោះ គ្នាលើកដៃសំពះ ក៏នៅតែបាញ់មិនឈប់ ខណៈឈ្មោះ ជា ឡាឌីន មេប៉ុស្តិ៍ក៏មិនឃាត់ទៀត បណ្ដាលឲ្យឈ្មោះ ម៉ន រ៉ាវុធ អ្នកទិញរថយន្ត និងជាអ្នកបើកបរ រងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ។ ដោយឡែកអ្នករួមដំណើរ ឈ្មោះ វ៉ាន ខេមរិន បានរងរបួសស្រាល ហើយត្រូវបាននគរបាលឃាត់ខ្លួនមកសួរនាំ។
ក្រោយបាញ់សម្លាប់ជនរងគ្រោះរួចមក ដើម្បីដោះខ្លួននិងការពារកូនចៅ លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង បានធ្វើរបាយការណ៍ថា ជារឿងជ្រុលដៃបាញ់ចោរលួចឡាន ព្រោះពួកគេព្យាយាមបើកបុកប៉ូលិស និងផ្អែកលើពាក្យបណ្ដឹងបូករួមទាំងអ្នកប្ដឹងតាមពីក្រោយ។
ប៉ុន្តែទោះបីជាលោកស្នងការខេត្តថាបែបនោះក្ដី នៅព្រលប់ថ្ងៃទី២៤ ខែមីនា ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យតាមចាប់ជនដៃដល់ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។