មេប៉េអឹមខេត្តក្រចេះ នាំកូនរបស់ខ្លួនមកបង្ហាញមុខហើយ ក្រោយពីមានការព្រមានរបស់ សម្តេច ហ៊ុន សែន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បាននាំខ្លួនកូនប្រុសរបស់ខ្លួន គឺឈ្មោះ សាន្ត សុខុម មកកាន់កងរាជអាវុធហត្ថខេត្តកំពង់ចាមហើយនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីដកកាំភ្លើងភ្ជង់ទៅលើយុវជន២រូប នៅក្នុងហាងអ៊ីនធឺណេតមួយកន្លែងក្នុងក្រុងកំពង់ចាម។
បើតាមមន្រ្តីអាវុធហត្ថខេត្តកំពង់ចាម ឲ្យបណ្តាញព័ត៌មានក្នុងស្រុកដឹងថា លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាអ្នកនាំកូនប្រុសរបស់ខ្លួន យកមកប្រគល់ជូនអាវុធហត្ថខេត្តកំពង់ចាម តែម្តងដើម្បីទទួលទោសកំហុសទាំងនេះ។
គួរបញ្ជាក់ថា កាលពីព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នឹងប្រឈមមុខបាត់បង់តំណែង តួនាទីរបស់ខ្លួន ប្រសិនបើមិននាំកូនប្រុសឲ្យចូលខ្លួនដោះស្រាយបញ្ហាជុំវិញការប្រើហិង្សាលើយុវជនពីរនាក់នៅក្នុងខេត្តកំពង់ចាមទេនោះ។
កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានប្រើហិង្សាដោយដាល់ និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអ៉ីនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់ និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះ ថែមទាំងបានដកកាំភ្លើងភ្ជង់ លើយុវជនពីររូបនោះថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។