រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើកុំឲ្យមានការតម្លើងតម្លៃសាច់ជ្រូក ខណៈប្រទេសវៀតណាមកំពុងមានជំងឺប៉េស្តជ្រូកអាហ្វ្រិក
រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា ក្នុងសិក្ខាសាលាជាមួយភាគីពាក់ព័ន្ធ ស្តីពី «វិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា» កាលពីថ្ងៃម្សិលមិញ បានស្នើដល់ម្ចាស់សត្វឃាត និងអាជីវករលក់សាច់ជ្រូកទាំងអស់ សូមកុំតម្លើងថ្លៃ ខណៈជំងឺដ៏កាចសាហាវមួយនេះកំពុងរីករាលដាលនៅប្រទេសវៀតណាម ក្បែរខាងយើងនេះ។
លោក វ៉េង សាខុន រដ្ឋមន្រ្តីកសិកម្មកម្ពុជា បានលើកឡើងថា ការរីករាលដាលយ៉ាងស្រួចស្រាវនៃជំងឺដ៏កាចសាហាវនេះនៅប្រទេសវៀតណាម ប្រាកដជានឹងបង្កឲ្យមានការព្រួយបារម្ភដល់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជាគ្រប់កម្រិត រួមទាំងអាជីវករ ម្ចាស់សត្តឃាតដ្ឋាន ក្រុមហ៊ុនផលិតចំណីជ្រូក ដេប៉ូលក់ចំណីជ្រូក និងជាពិសេសអ្នកបរិភោគសាច់ជ្រូក។ល។ ក្តីបារម្ភរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនបានព្រងើយកន្តើយ ហើយជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការជួយការពារផលប្រយោជន៍របស់កសិករ។
ជាក់ស្តែងក្រសួងបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយត្រូវសហការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម សមាគមអ្នកចិញ្ចឹមជ្រូក ផលិតករ អាជីវករ ដោយត្រូវរូមគ្នាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវខ្លឹមសារនៃសារាចរណែ នាំលេខ១១៩ សរណន.កសក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះជាបន្ទាន់។
ជាមួយគ្នានេះ លោកណែនាំឲ្យប្រធានមន្ទីរ និងមន្រ្តីពេទ្យសត្វខេត្តទាំង ៧ដែលមានព្រំ ប្រទល់ជាប់ប្រទេសវៀតណាមត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ដោយត្រូវអនុវត្តខ្លឹមសារាចរណែនាំលេខ១១៩ ឲ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ អ្នកចិញ្ចឹម ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់ ត្រូវចូលរួមសហការរក្សាតម្លៃសាច់ជ្រូកឲ្យនៅដដែល ដោយមិនត្រូវឆក់ឱកាសតម្លើងតម្លៃសាច់ជ្រូកជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។