គណបក្សនយោបាយនាំមុខនៅថៃស្វះស្វែងរកដៃគូបង្កើតរដ្ឋាភិបាល
ការបោះឆ្នោតនៅប្រទេសថៃនាពេលកន្លងមក មិនមានគណបក្សណាមួយមានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល នោះឡើយ គឺត្រូវតែបង្កើតរដ្ឋាភិបាល ចម្រុះ ពហុបក្ស ។ នៅពេលនេះនេះប្រសិនបើគណបក្សនយោបាយដែលមិនពេញចិត្តនិងរបបដឹកនាំដោយយោធានោះអាចនឹងបង្កើតរដ្ឋាភិបាលរួមគ្នា បានដោយជោគជ័យ ។
នៅព្រឹកថ្ងៃទី២៧ខែមីនានេះ គណបក្សភឿថៃ នៅថ្ងៃនេះ នឹងប្រកាសអំពីគម្រោងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយមួយផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដឹកនាំប្រទេសនាពេលខាងមុខ ។ នៅពេលនេះ គណបក្សភូមចាយថៃ (Bhumjaithai Party) ត្រូវបានគណបក្សភឿថៃស្នើឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ក្នុងនោះមេដឹកនាំគណបក្ស ភូមចាយ នឹងធ្វើជានាយករដ្ឋមន្ត្រី ។ ប៉ុន្តែទោះបីយ៉ាងណា គេនៅមិនទាន់ដឹងថា គណបក្សនេះ យល់ព្រមចូលរួមជាមួយគណបក្សភឿថៃឬយ៉ាងណានោះទេ ។
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧នេះ គណបក្សភឿថៃនឹងធ្វើសន្និសីទកាសែតស្តីអំពីបញ្ហាខាងលើនេះ ។ប្រភពដដែលបញ្ជាក់ថា គណបក្សភឿថៃ និងគណបក្សសម្ព័ន្ធមិត្ត បូករួមចូលគ្នា មានសំឡេងស្មើ២៥១អាសនៈក្នុងសភា អាចបង្កើតរដ្ឋាភិបាលចម្រុះ ។ កៅអីក្នុងសភាមានសរុបចំនួន៥០០អាសនៈ ។
យោងតាមលទ្ធផលបណ្តោះអាសន្ន សន្លឹកឆ្នោត៩៤ភាគរយ បានរាប់ហើយ ក្នុងនោះ គណបក្សគាំទ្រដោយក្រុមយោធា Palang Pracharath ទទួលបាន៧.៩លានសន្លឹក ខណៈគណបក្សភឿថៃ ដែលមានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន បានតែ ៧.៤លានសន្លឹកប៉ុណ្ណោះ ។
សូមបញ្ជាក់ថា បន្ទាប់ពីរង់ចាំអស់រយៈពេល៨ឆ្នាំ ប្រជាពលរដ្ឋថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានចូលរួមបោះឆ្នោតសាកលជាលើកដំបូងបំផុត ។ ពលរដ្ឋដែលពេញសិទ្ធិបោះឆ្នោតមានប្រហែល៥១លាននាក់ ។គណៈកម្មការបោះឆ្នោតថៃ បានប្រកាសពន្យារពេលប្រកាលលទ្ធផលបឋមរហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។