បញ្ជូន​ខ្លួន​ជនសង្ស័យ៥នាក់​ទៅ​តុលាការ​ ​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​បាភ្នំ​

​លោក​ ​ខៀវ​ ​សុភ័គ​ ​អ្នកនាំពាក្យ​ ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងនៅ​ព្រឹក​ថ្ងៃទី២៧​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ថា​ ​បន្ទាប់ពី​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​បុរស​ម្នាក់​កាលពី​ម៉ោង២៣យប់​ថ្ងៃទី២៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​ចំណុច​ភូមិ​គោក​សណ្ដែក​ ​ឃុំ​រក្សជ័យ​ ​ស្រុក​បាភ្នំ​ ​ខេត្តព្រៃវែង​ ​ដោយ​ច្រឡំ​ថា​ជា​ចោរលួច​រថយន្ត​នោះ​ ​ឥឡូវនេះ​មនុស្ស​ពាក់ព័ន្ធ​ចំនួន៥នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តព្រៃវែង​ហើយ​។​

​បើ​តាម​សមត្ថកិច្ច​ ​មនុស្ស​ទាំង៥នាក់​ដែល​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹកមិញ​ ​រួមមាន​ឈ្មោះ​ ​ជឹម​ ​រតនៈ​,​ ​ឈ្មោះ​ ​ជឹម​ ​វិន​ ​ដែល​ជា​អ្នក​បាញ់​ ​ចោទ​ពី​បទ​ផ្ទុះអាវុធ​ ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​,​ ​ឈ្មោះ​ ​សេង​ ​ឈិន​ ​និង​មិត្តភក្តិ​ចំនួន​ ​២នាក់​ទៀត​ ​ចោទ​ពី​បទ​ផ្តល់​សក្ខីកម្ម​ ​មិន​ពិត​។​

​គួរប​ញ្ជា​ក់​ថា​ ​ដើមចម​ ​នៃ​រឿង​បាញ់សម្លាប់​នោះ​ ​គឺ​ដំបូង​ឡើយ​ជនរងគ្រោះ​ដែល​មានឈ្មោះ​ ​យ៉ន​ ​រ៉ា​វុទ្ធ​ ​ជា​ម្ចាស់​រថយន្ត​ ​បាន​យក​ប្រាក់​ចំនួន​ ​៣០០០ដុល្លារ​សហរដ្ឋអាមេរិក​ពី​ឈ្មោះ​ ​សេង​ ​ឈិន​ ​ទៅ​លួស​យក​រថយន្ត​របស់​ខ្លួន​ ​ដែល​បាន​ដាក់បញ្ចាំ​ ​រួច​យក​រថយន្ត​នោះ​ ​មករ​ក​ស៊ី​ជាមួយគ្នា​ ​ដោយ​ជួល​ឲ្យ​ជនជាតិ​ចិន​ ​បាន​រយៈពេល៣ខែ​ ​ហើយ​ក្នុង​ ​១ខែ​ ​ទទួល​បាន៤៥០ដុល្លារ​សហរដ្ឋអាមេរិក​។​ ​

​លុះដល់​ថ្ងៃកើត​ហេតុ​ ​ដោយសារ​រថយន្ត​នោះ​ខូច​ ​និង​ដោយមាន​ការ​ខ្វែងគំនិត​គ្នា​ ​ជនរងគ្រោះ​បាន​យក​រថយន្ត​នោះ​ ​មក​ជួសជុល​ ​ដែល​ជា​មូលហេតុ​ ​បណ្តាល​ឲ្យ​ឈ្មោះ​ ​សេង​ ​ឈិន​ ​ចោទ​ថា​ ​ជា​ករណី​លួច​ឡាន​ ​និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​តាម​ចាប់​ ​និង​ឈាន​មានការ​បាញ់​ដោយ​កាំភ្លើង​ចំនួន១០គ្រាប់​ ​ដោយ​ឈ្មោះ​ ​ជឹម​ ​រតនៈ​ ​ជា​នាយ​ផ្នែក​អន្តោប្រវេសន៍​ ​ស្រុក​ព្រះ​ស្តេច​ ​និង​ឈ្មោះ​ ​ជឹម​ ​វិន​ ​ជាម​ន្ត្រី​ប៉ុស្តិ៍​កំពង់​សឹង្ហ​ ​ដោយ​ក្នុង​នោះ​គ្រាប់​កាំភ្លើង៥​ ​គ្រាប់​បាន​ចំ​ទៅលើ​ជនរងគ្រោះ​ ​បណ្តាល​ឲ្យ​ស្លាប់​។​

​ដោយ​យោង​លើ​ ​អង្គហេតុ​ខាងលើ​នេះ​ ​សមត្ថកិច្ច​បាន​ចាត់វិធានការ​តាម​នីតិវិធី​ ​បាន​បញ្ជូន​ឈ្មោះ​ ​ជឹម​ ​រតនៈ​ ​និង​ឈ្មោះ​ ​ជឹម​ ​វិន​ ​ដែល​ជា​អ្នក​បាញ់​ទៅ​តុលាការ​ ​ពី​បទ​ ​ផ្ទុះអាវុធ​ ​បណ្តាល​អោយ​ស្លាប់​មនុស្ស​ ​និង​អ្នកចូលរួម​ត្រូវ​បញ្ជូន​ ​ឈ្មោះ​ ​សេង​ ​ឈិន​ ​និង​មិត្តភក្តិ​ចំនួន​ ​២នាក់​ទៀត​ ​ទៅ​តុលាការ​ ​ដោយ​ ​ចោទ​ពី​បទ​ ​ផ្តល់​សក្ខីកម្ម​ ​មិន​ពិត​។​

​ដោយឡែក​មេ​ប៉ុស្តិ៍​កំពង់សឹង​ ​លោក​ ​ជា​ ​ឡា​ឌីន​ ​ដែល​ដឹកនាំ​កម្លាំង​ដោយ​អត្តនោ​ម័ត​ពិន័យ​ ​ក្រោម​រូបភាព​ដក​មុខតំណែង​ពី​មេ​ប៉ុស្តិ៍​ ​ដើម្បី​ស្រាវជ្រាវ​បន្ត​។​ ​រី​ឯ​មនុស្ស​ចំនួន​ ​៤​ ​នាក់​ ​ដែល​រួមមាន​អ្នក​រួម​ដំណើរ​ជាមួយ​ជនរងគ្រោះ​ ​អ្នក​បើកឡាន​ឲ្យ​ជន​ដែល​ផ្ទុះអាវុធ​ ​និង​មនុស្ស២នាក់​ដែល​រួម​ដំណើរ​ ​ជាមួយ​អ្នក​ដើម​បណ្តឹង​ ​សមត្ថកិច្ច​បាន​ដោះលែង​ ​ដោយធ្វើ​កិច្ចសន្យា​ ​ឲ្យ​ត្រ​ឡង់​មក​ធ្វើជា​សាក្សី​ ​វិញ​ ​ពេលណា​ដែល​សមត្ថកិច្ច​ត្រូវការ​។​ ​

​ចំពោះ​វិធានការ​ ​និង​ដំណោះស្រាយ​ជា​បន្ត​ទៀត​ ​គឺជា​សមត្ថកិច្ច​របស់​ព្រះរាជអាជ្ញា​ ​និង​សាលាដំបូង​ ​ខេត្តព្រៃវែង​ ​ដើម្បី​បើក​សវន​ការ​ផ្តន្ទា​ទោស​ជនល្មើស​ទាំងនោះ​តាមច្បាប់​ ​ជាធរមាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close